ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់ កំពុងជំរុញតម្រូវការរថយន្តអគ្គិសនី (EV) ទាំងថ្មី និងមួយទឹកនៅទូទាំងអឺរ៉ុប។
ទោះជាយ៉ាងណា អ្នកដឹកនាំឧស្សាហកម្មមួយចំនួនបានព្រមានថា ចំណាប់អារម្មណ៍នេះអាចធ្លាក់ចុះវិញ ប្រសិនបើតម្លៃសាំងត្រឡប់មកធម្មតា។
អ្នកជំនាញឧស្សាហកម្មបានឱ្យដឹងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាកថ្ម និងការចេញលក់រថយន្ត EV តម្លៃសមរម្យជាច្រើនម៉ូដែលថ្មីៗ រួមទាំងពីក្រុមហ៊ុនផលិតរថយន្តចិន បានជួយធ្វើឱ្យរថយន្តអគ្គិសនីកាន់តែពេញនិយម និងជំរុញការលក់កាន់តែខ្លាំង។
ទោះបីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានព្រមព្រៀងបន្តបទឈប់បាញ់ក៏ដោយ ការរំខានដល់ការដឹកជញ្ជូនតាមសមុទ្រនៅច្រកសមុទ្រ Hormuz នៅតែបន្តធ្វើឱ្យការផ្គត់ផ្គង់ប្រេងមិនទាន់វិលមករកភាពប្រក្រតីវិញ ហើយតម្លៃប្រេងឥន្ធនៈត្រូវបានគេរំពឹងថានឹងនៅខ្ពស់ជាច្រើនខែទៀត។
ទិន្នន័យពីក្រុមស្រាវជ្រាវ New Automotive និង E-Mobility Europe បង្ហាញថា ការចុះបញ្ជីរថយន្ត EV ថ្មីបានកើនឡើង 34% ក្នុងខែឧសភា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅក្នុងទីផ្សារចំនួន 17 ដែលគ្របដណ្តប់ជាង 90% នៃការលក់រថយន្តនៅសហភាពអឺរ៉ុប និងតំបន់ពាណិជ្ជកម្មសេរីអឺរ៉ុប។
រថយន្តអគ្គិសនីសុទ្ធ (BEV) មានសមាមាត្រជិត 25% នៃការចុះបញ្ជីរថយន្តថ្មីទាំងអស់នៅក្នុងទីផ្សារទាំងនោះ។
នាយកប្រតិបត្តិរបស់ Renault លោក Francois Provost បានប្រាប់ Reuters ថា ការបញ្ជាទិញរថយន្ត EV របស់ក្រុមហ៊ុនបានកើនឡើងរហូតដល់ 50% នៅក្នុងប្រទេសមួយចំនួន ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ ទោះជាយ៉ាងណា លោកបានព្យាករថា កំណើននេះនឹងថយចុះ ប្រសិនបើតម្លៃប្រេងធ្លាក់ចុះវិញ។
ចំណែកឯប្រធានប្រតិបត្តិអឺរ៉ុបរបស់ ford លោក Jim Baumbick ក៏បានលើកឡើងថា សង្គ្រាមបានបង្កើនការចាប់អារម្មណ៍របស់អតិថិជនចំពោះ EV ប៉ុន្តែមិនទាន់អាចសន្និដ្ឋានថា នេះជាការផ្លាស់ប្តូរអចិន្ត្រៃយ៍នោះទេ។
រថយន្ត EV តម្លៃទាបជួយជំរុញទីផ្សារ
សង្គ្រាមនេះបានកើតឡើងស្របពេលដែលក្រុមហ៊ុនផលិតរថយន្តកំពុងដាក់ចេញម៉ូដែល EV ដែលមានតម្លៃសមរម្យជាងមុន ដើម្បីដោះស្រាយបញ្ហាតម្លៃខ្ពស់ ដែលជាឧបសគ្គធំបំផុតមួយសម្រាប់អ្នកប្រើប្រាស់។
ទីផ្សាររថយន្ត EV មួយទឹកក៏កំពុងកើនឡើង
ការផ្គត់ផ្គង់រថយន្ត EV មួយទឹកក៏កំពុងកើនឡើងផងដែរ ខណៈតម្រូវការនៅតែរឹងមាំ។
វេទិកាលក់រថយន្តអនឡាញ OLX បានរាយការណ៍ថា ការសាកសួរទិញរថយន្តម៉ាកចិននៅប្រទេសបារាំងបានកើនឡើងជាង 4 ដងក្នុងខែឧសភា បើធៀបនឹងឆ្នាំមុន។
ខណៈវេទិកាលក់រថយន្តអាល្លឺម៉ង់ Carwow បានឱ្យដឹងថា ការចាប់អារម្មណ៍លើ EV បានកើនឡើងដល់ 70%-75% បើធៀបនឹងប្រមាណ 40% កាលពីដើមឆ្នាំ។
ជាមួយគ្នានេះ តម្លៃរថយន្ត EV មួយទឹកនៅតែទាបជាងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈប្រហាក់ប្រហែលគ្នា។ នៅចក្រភពអង់គ្លេស រថយន្ត EV ដែលមានអាយុពី 2 ទៅ 4 ឆ្នាំ មានតម្លៃលក់បន្តប្រហែល 33% នៃតម្លៃដើម ខណៈរថយន្តប្រើសាំង ឬម៉ាស៊ូត មានតម្លៃប្រហែល 52% នៃតម្លៃដើម។
អ្នកវិភាគជាច្រើនជឿថា ការកើនឡើងនៃជម្រើស EV ថ្មី និងមួយទឹកដែលមានតម្លៃសមរម្យ នឹងជួយរក្សាកំណើនទីផ្សារបាន ទោះបីតម្លៃប្រេងឥន្ធនៈធ្លាក់ចុះវិញនាពេលអនាគតក៏ដោយ៕










