ខេត្តរតនគិរី៖ ឡផលិតធ្យូងដែលអាជ្ញាធរអះអាងថា សាងសង់ និងដំណើរការដោយខុសច្បាប់ប្រមាណជិត១០០ឡត្រូវកម្លាំងសមត្ថកិច្ចចម្រុះស្រុកកូនមុំ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះប្រតិបត្តិការបង្ក្រាប និងវាយកម្ទេចោលដើម្បីបង្កើនការទប់ស្កាត់បទល្មើសព្រៃឈើ។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង ៩.១២នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ដែលនៅតំបន់ជាប់ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ក្នុងគោលបំណងទប់ស្កាត់បទល្មើសព្រៃឈើ និងការបំផ្លាញធនធានធម្មជាតិមានទីតាំងស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។
ការចុះបង្ក្រាបនោះដោយមានការចូលរួមពីលោក នូ ថេ អភិបាលស្រុកកូនមុំ កម្លាំងនគរបាលស្រុក កម្លាំងយោធា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីមន្ទីរបរិស្ថាន អង្គការដៃគូ និងអាជ្ញាធរមូលដ្ឋានផងដែរ។
តាមការបញ្ជាក់ពីក្រុមការងារចម្រុះ ក្នុងពេលចុះត្រួតពិនិត្យទីតាំងជាក់ស្តែង បានរកឃើញឡផលិតធ្យូងប្រមាណជិត១០០ឡ ដែលអាជ្ញាធរបញ្ជាក់ថា ពុំមានការអនុញ្ញាតពីស្ថាប័នជំនាញនោះទេ។
លទ្ធផលនៃការបង្ក្រាបនោះសមត្ថកិច្ចបានសម្រេចវាយកម្ទេច និងបំផ្លាញឡទាំងនោះ ដើម្បីបញ្ឈប់ការប្រើប្រាស់ និងទប់ស្កាត់ការប្រព្រឹត្តបទល្មើសព្រៃឈើបន្តទៀត។
សមត្ថកិច្ចបានឱ្យដឹងបន្ថែមថាក្នុងអំឡុងពេលប្រតិបត្តិការមិនមានម្ចាស់ឡណាម្នាក់បង្ហាញខ្លួននៅទីតាំងនោះឡើយ ហើយមិនមានការឃាត់ខ្លួនជនសង្ស័យណាម្នាក់ពាក់ព័ន្ធនឹងករណីនេះដែរ។
ទោះយ៉ាងណាក៏ដោយ អាជ្ញាធរបានអះអាងថា នឹងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ប្រសិនបើរកឃើញភស្តុតាងគ្រប់គ្រាន់។
លោក នូ ថេ អភិបាលស្រុកកូនមុំ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដែលជាសម្បត្តិរួមរបស់ជាតិ និងជៀសវាងការចូលរួមក្នុងសកម្មភាពណាមួយដែលផ្ទុយនឹងច្បាប់ និងបង្កផលប៉ះពាល់ដល់បរិស្ថាន។
ប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីការបន្តអនុវត្តវិធានការរបស់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការពារព្រៃឈើ។
អ្នកសង្កេតការណ៍មួយចំនួនលើកឡើងថា ការវាយកម្ទេចឡធ្យូងតែមួយមុខ មិនទាន់គ្រប់គ្រាន់ក្នុងការលុបបំបាត់បទល្មើសព្រៃឈើនោះទេ ប្រសិនបើមិនមានការស៊ើបអង្កេតរកអ្នកនៅពីក្រោយការផលិតធ្យូង និងបណ្តាញជួញដូរឈើខុសច្បាប់ ដើម្បីអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព៕
ដោយ ជីវ័ន្ត










