សហម្ចាស់ផ្ទះកាណាដា ចង់រកជ័យជម្នះដំបូងរបស់ខ្លួននៅព្រឹត្តិការណ៍ FIFA World Cup 2026ពេលប៉ះកាតារ

ចែករំលែក៖

ក្រុមជម្រើសជាតិកាណាដា កំពុងសម្លឹងរកជ័យជម្នះដំបូងរបស់ខ្លួននៅព្រឹត្តិការណ៍ FIFA World Cup 2026 ខណៈពួកគេត្រៀមជួបក្រុមជម្រើសជាតិកាតារ នៅទីក្រុង Vancouver នាថ្ងៃព្រហស្បតិ៍នេះ ដោយមានគោលដៅរៀនពីកំហុសក្នុងការប្រកួតបើកឆាកដែលស្មើ 1-1 ជាមួយបូស្ន៊ី និងហឺហ្សេហ្គូវីណា។

បច្ចុប្បន្ន ក្រុមទាំងបួនក្នុងពូល B រួមមាន កាណាដា, កាតារ, ស្វីស និងបូស្ន៊ី និងហឺហ្សេហ្គូវីណា សុទ្ធតែមាន ១ ពិន្ទុដូចគ្នា បន្ទាប់ពីប្រកួតបើកឆាក ដោយស៊ុតបាន ១ គ្រាប់ និងរបូត ១ គ្រាប់ដូចគ្នា។ មុនជំនួបរវាងកាណាដា និងកាតារ ក្រុមស្វីសនឹងត្រូវប៉ះបូស្ន៊ីជាមុនសិន។

គ្រូបង្វឹកកាណាដា លោក Jesse Marsch បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ការប្រកួតក្នុងពូលនេះមានការប្រកួតប្រជែងខ្លាំង ហើយរាល់ពិន្ទុមានសារៈសំខាន់ខ្លាំងណាស់។

លោកបាននិយាយថា៖ «យើងដឹងថា ពូលនេះមានការប្រកួតប្រជែងខ្លាំង ហើយគ្រប់វិនាទី និងគ្រប់ពិន្ទុសុទ្ធតែសំខាន់។ យើងផ្តោតតែលើការប្រកួតជាមួយកាតារ ប៉ុណ្ណោះ។»

លោក Marsch ក៏បានទទួលស្គាល់ថា នៅតង់ទីមួយនៃការប្រកួតជាមួយបូស្ន៊ី ការប្រកួតដំណើរការទៅតាមរបៀបដែលគូប្រកួតចង់បាន មិនមែនជារបៀបដែលកាណាដាចង់លេងនោះទេ។ «យើងត្រូវធានាថា ចាប់ពីសំឡេងកញ្ចែចាប់ផ្តើម យើងត្រូវកំណត់ចង្វាក់ប្រកួតដោយខ្លួនឯង និងធ្វើឱ្យការប្រកួតដំណើរការតាមរបៀបដែលអំណោយផលសម្រាប់យើង។ យើងចង់បង្ហាញអំណាចរបស់យើងតាំងពីដើមការប្រកួត។»

ជាមួយគ្នានេះ លោក Marsch បានបញ្ជាក់ថា ខ្សែការពារស្លាបឆ្វេង Alphonso Davies ដែលមានបញ្ហារបួសកាលពីពេលថ្មីៗនេះ បានវិលត្រឡប់មកហ្វឹកហាត់វិញហើយ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួត។ «គាត់បានចូលរួមហ្វឹកហាត់ពេញមួយសប្តាហ៍ ហើយនឹងអាចលេងបាន។ យើងនឹងពិនិត្យមើលស្ថានភាពការប្រកួតសិន មុនសម្រេចថាត្រូវប្រើប្រាស់គាត់យ៉ាងដូចម្តេច។»

បន្ទាប់ពីប្រកួតបើកឆាកនៅទីក្រុង Toronto ក្រុមកាណាដាបានធ្វើដំណើរមកកាន់ឆ្នេរខាងលិច និងហ្វឹកហាត់នៅ National Soccer Development Centre ក្នុងទីក្រុង Vancouver។

លោក Marsch ជឿជាក់ថា កីឡដ្ឋាន BC Place នឹងពោរពេញដោយអ្នកគាំទ្រក្នុងឯកសណ្ឋានពណ៌ក្រហម និងបង្កើតបរិយាកាសដ៏ក្តៅគគុកសម្រាប់ក្រុមម្ចាស់ផ្ទះ។ «Vancouver គឺជាទីក្រុងដែលស្រឡាញ់បាល់ទាត់។ យើងរំពឹងថាកីឡដ្ឋាននឹងពោរពេញដោយអ្នកគាំទ្រពណ៌ក្រហម ដែលនឹងជួយជំរុញកីឡាកររបស់យើង។ យើងចង់ឱ្យកាតារមានអារម្មណ៍ថា ពួកគេមិនត្រឹមតែប្រឈមមុខនឹងក្រុមកាណាដាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមមុខនឹងអ្នកគាំទ្ររាប់ម៉ឺននាក់ផងដែរ។»

...

ជំនួបរវាងកាណាដា និងកាតារ ត្រូវបានគេចាត់ទុកថាជាការប្រកួតដ៏សំខាន់មួយ ដែលអាចកំណត់ទិសដៅនៃការប្រជែងកៅអីទៅវគ្គ ១៦ ក្រុមចុងក្រោយ សម្រាប់ក្រុមទាំងពីរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print