បាត់​កូនស្រី​​១​យប់​អត់​ចូល​ផ្ទះ​ហើយ​ត្រូវ​រោងចក្រ​បញ្ឈប់​ទៀត លុះម្តាយជជីកសួរ បែកធ្លាយរឿងរ៉ាវ​លង់ស្នេហ៍បុរសស្គាល់គ្នា២ថ្ងៃ

ចែករំលែក៖

ភ្នំពេញ​៖ យុវជន​ដែល​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់ បាន​ក្លាយទៅជា​អ្នកទោស​ស្នេហា ក្រោយ​ពី​រូបគេ​ស្គាល់​ក្មេង​ស្រី​អាយុ​១៥​ឆ្ឆ្នាំម្នាក់ទៀតដែល​ជា​កម្មការិនី​រោងចក្រ​ជាមួយ​គ្នា​ទើបតែ​បាន​២​ថ្ងៃ ក៏​លួងលោម​សុំ​ស្នេហា រហូត​នាង​បាក់ចិត្ត​ស្រលាញ់ ។ បន្ទាប់​មក​អ្នក​ទាំង​២​អត់​ទៅ​ធ្វើការ​ទេ ហើយ​យុវជន​នោះ​ក៏​ល្បួង​នាង​នាំ​ទៅ​ដេក​រួម​ភេទ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន​បាន​សម្រេច​២​ដង។ លុះ​ថ្ងៃ​បន្ទាប់​ខាង​រោងចក្រ​បញ្ឈប់​ការងារ​នាង ហើយ​នាង​បាន​ព្យាយាម​លាក់លៀម​រឿង​នេះ​មិន​ឲ្យ​ម្ដាយ​របស់​នាង​ដឹង​នោះ​ទេ ។ ប៉ុន្តែ​ក្រោយ​ពេល​បាត់​កូនស្រី​១​យប់​មិនឃើញ​ចូល​ផ្ទះ ហើយ​បែរជា​ត្រូវ​រោងចក្រ​បញ្ឈប់​ការងារ​ទៀត​នោះ ម្ដាយ​ក៏​ជជីក​សួរ​នាង​តែ​មិន​ព្រម​ប្រាប់​សោះ រហូត​ម្ដាយ​ទ្រាំ​លែង​បាន​ក៏​ដាច់​ចិត្ត​វាយ ទើប​នាង​ប្រាប់​ការ​ពិត ហើយ​ម្ដាយ​ក៏​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​យុវជន​នោះ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​ជួល​បន្ទប់​លេខ​៤៩ ជាន់​ទី​២ ស្ថិត​នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​ខាងលើ​នោះ​ឈ្មោះ សុខ ចាន់​ថន អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​កើត ហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។​ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​ទើបតែ​១៥​ឆ្នាំ​ប៉ុណ្ណោះ ស្នាក់​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា យុវជន​សង្ស័យ​និង​ក្មេង​ស្រី​រង​គ្រោះ​គឺជា​កម្មករ​ដេរ​ស៊ី​ថ្ងៃ​ជាមួយ​គ្នា​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​អ្នក​ទាំង​២​ទើបតែ​ស្គាល់គ្នា​បាន​២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​យុវជន​នោះ​ក៏​បាន​ទំនាក់ទំនង​លួងលោម​សុំ​ស្នេហ៍​ពី​នាង រហូត​នាង​ទន់​ចិត្ត​ព្រម​ស្រលាញ់ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ អ្នក​ទាំង​២​អត់​បាន​ទៅ​ធ្វើការ​នោះ​ទេ ដោយ​យុវជន​រូប​នោះ​បាន​ល្បួង​នាំ​នាង​ទៅ​កាន់​បន្ទប់​ជួល​របស់​ខ្លួន​រួច​រួម​ភេទ​ជាមួយ​គ្នា​បាន​សម្រេច​១​ដង។ បន្ទាប់​មក​នៅ​ថ្ងៃ​ដដែល​នោះ យុវជន​ខាងលើ​ក៏​បាន​ជិះ​ម៉ូតូ​ដឹក​នាង​ទៅ​ដើរ​លេង​នៅ​ម្ដុំ​វត្ត​ជន្លង់ម្លូ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។ រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល ទើប​ត្រឡប់​ទៅ​កាន់​បន្ទប់​ជួល​របស់​ខ្លួន​វិញ ហើយ​បាន​ល្បួង​នាង​ឲ្យ​ផឹកស្រា​ជាមួយ​គ្នា​រហូត​ដល់​នាង​ស្រវឹង រួច​ក៏​បាន​រួម​ភេទ​ជាមួយ​គ្នា​បាន​សម្រេច​១​ដង​ទៀត​ជា​លើក​ទី​២ ហើយ​បាន​ឲ្យ​នាង​បិទ​ទូរស័ព្ទ និង​លួងលោម​ឲ្យ​នាង​ដេក​ជាមួយ​គ្នា​នៅ​បន្ទប់​ជួល​របស់​ខ្លួន​១​យប់ ។

សមត្ថកិច្ច​ដដែល​បញ្ជាក់​ប្រាប់​ថា​ យប់​នោះ​ក្នុង​បន្ទប់​ខាងលើ​ដេក​គ្នា​៤​នាក់​រួម​មាន​យុវជន​សង្ស័យ​និង​ក្មេង​ស្រី​រង​គ្រោះ ព្រមទាំង​ប្អូនបង្កើត​និង​ប្អូនថ្លៃ​របស់​យុវជន​ខាងលើ ហើយ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ទើប​យុវជន​នោះ​ដឹក​នាង​ទៅ​ដាក់​នៅ​រោងចក្រ ។ ខណៈ នោះ​ស្រាប់តែ​ខាង​រោងចក្រ​បាន​បញ្ឈប់​ក្មេង​ស្រី​រង​គ្រោះ​ពី​ការងារ​ ព្រោះតែ​ខឹង​នាង​ឈប់​អត់​ច្បាប់​១​ថ្ងៃ ដោយ​នាង​រវល់​លង់​ស្នេហ៍​យុវជន​ខាងលើ ហើយ​នាង​ក៏​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា​ ពេល​ទៅ​ដល់​ផ្ទះ ម្ដាយ​របស់​នាង​បាន​សួរ​ដេញដោល​រឿង​នាង​បាត់​១​យប់​អត់​ចូល​ផ្ទះ​ហើយ​ត្រូវ​រោងចក្រ​បញ្ឈប់​ទៀត ប៉ុន្តែ​ទោះជា​ម្ដាយ​សួរ​យ៉ាងណា​ក៏​នាង​ព្រម​អត់​ឆ្លើយ​ដែរ រហូត​ធ្វើ​ឲ្យ​ម្ដាយ​ទ្រាំ​លែង​បាន ក៏​វាយ​ទើប​នាង​ព្រម​ឆ្លើយ​ប្រាប់​ការ​ពិត ។ ពេល​នោះ​ម្ដាយ​នាងទូរសព្ទទៅ​រក​ជនសង្ស័យ​ដើម្បី​ដោះស្រាយ​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែរ ប៉ុន្តែ​យុវជន​នោះ​អត់​ព្រមទៅ​ជួប​ដើម្បី​ដោះស្រាយ​គ្នា​ទេ ព្រមទាំង​បាន​បិទ​ទូរស័ព្ទ និង​គេចខ្លួន ថែម​ទៀត ទើប​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ សម្រេច​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​បាន​បណ្ដឹង​ហើយ​នគរបាល​ក៏​បាន​តាម​ចាប់ខ្លួន​ជន​នោះ​ដល់​រោងចក្រ ប៉ុន្តែ​ខាង​រោងចក្រ​ប្រាប់​ថា​រូបគេ​ឈប់​បាត់​ហើយ បន្ទាប់​មក​នគរបាល​បាន​តាម​រក​ដល់​បន្ទប់​ជួល​ទៀត ហើយ​បាន​ជួប​តែ​ប្អូនបង្កើត​និង​ប្អូនថ្លៃ​របស់​ជនសង្ស័យ​ប៉ុណ្ណោះ ។

ពេល​នោះ​នគរបាល​បាន​ពន្យល់​ដល់​ប្អូន​អ្នក​ទាំង​២​ឲ្យ​ជួយ​ហៅ​បងប្រុស​របស់​ខ្លួន​ចូល​មក​ប៉ុស្តិ៍​នគរបាល ទើប​ប្អូនបង្កើត​និង​ប្អូនថ្លៃ​ទៅ​នាំ​ខ្លួន​បងប្រុស​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ កាលពី​វេលា​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​បញ្ជូន​ជន​នោះ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ

...

ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print