ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លង មកនេះ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសជាបន្តបន្ទាប់ចំនួន ៤ករណី រួមមាន ៖
-ករណីលួចមានស្ថានទម្ងន់ទោសលួចកាត់ខ្សែភ្លើង និងម៉ាស៊ីនត្រជាក់ក្នុងអគារទុកចោល
-ករណីលួចទូរស័ព្ទ និងខ្សែក
-ករណីលួចម៉ាស៊ីនត្រជាក់ក្នុងអគារ
-ករណីហិង្សាដោយចេតនា (វាយទៅវាយមក) នៅតំបន់រមណីយដ្ឋានក្បាលឆាយ ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៦នាក់ (ស្រី ១នាក់) ដកហូតវត្ថុតាង និងសម្ភារពាក់ព័ន្ធជាច្រើន រួមមានម៉ាស៊ីនត្រជាក់ ខ្សែភ្លើង ទូរស័ព្ទ ដៃ ម៉ូតូ និងឧបករណ៍ប្រើប្រាស់សម្រាប់ប្រព្រឹត្តបទ ល្មើស ។ ក្នុងនោះ សម្ភារមួយចំនួនដែលជាផលនៃអំពើលួច ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញតាមនីតិវិធី ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកបក្ខពួកដែលនៅសេសសល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕










