ខេត្តសៀមរាប÷ករណីវាយយកម៉ូតូនៅខាងលិចស្ពានក្អែក ត្រូវបាននគរបាលខេត្តសៀមរាប បើកការស្រាវជ្រាវ និងសហការជាមួយនគរបាលខេត្តបន្ទាយមានជ័យនិង ខេត្តព្រះវិហារ បង្ក្រាបបានបក្ខពួកជនសង្ស័យចំនួន ៨ នាក់ និងដកហូតបានម៉ូតូប្រគល់ជូន ជនរងគ្រោះវិញ។
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយក ចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពី លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តសៀមរាប។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះ ពាក់ ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សា (ធាក់ និងកាប់) បង្កឡើងដោយក្រុមជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិតផ្គាក់ចំនួន ១ ដើម បានធ្វើសកម្មភាពធាក់ និងកាប់ទៅលើជនរងគ្រោះឈ្មោះ អង អែម ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប រួចយកម៉ូតូ១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AU-1873 នៅចំណុចភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង ១:០០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ហើយគេចខ្លួនបាត់។
ក្រោយទទួលបានព័ត៌មាននេះ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប សហការជាមួយអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានបើកការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនសង្ស័យ រួចស្នើសុំកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុកស្វាយលើ ធ្វើការនាំខ្លួនបក្ខពួកជន សង្ស័យបានជាបន្តបន្ទាប់ សរុបចំនួន ៨ នាក់ យកមកសាកសួរតាមនីតិវិធីជំនាញ៖
១- ឈ្មោះ ឡុង រក្សា ហៅ សាល ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅបច្ចុប្បន្នភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
២- ឈ្មោះ ផា ផាន់ណាដុល្លា ហៅ ខ្លា ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅបច្ចុប្បន្នភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
៣- ឈ្មោះ ប្រុស អ៊ីវិនកុម្ភៈ ហៅ ជឺម ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅបច្ចុប្បន្នភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
៤- ឈ្មោះ ព្រុំ ផល្លា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិព្រៃគុប សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៥- ឈ្មោះ ហាច ធារ៉ា ហៅ បេន ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរបុគ្គលិកអាហារដ្ឋាន រស់នៅភូមិបាលិលេយ្យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៦- ឈ្មោះ សោម សេងលី ហៅ ពេជ្រ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរដឹកអាហារ រស់នៅភូមិបាលិលេយ្យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ពាក់ព័ន្ធនឹងបទទទួលផលចោរកម្ម)។
៧- ឈ្មោះ ធី ថែត ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរជាងគោយន្ត រស់នៅភូមិអភិវឌ្ឍន៍ ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប (ពាក់ព័ន្ធនឹងបទទទួលផលចោរកម្ម)។
៨- ឈ្មោះ កុក ពេទ្យ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរទិញអេតចាយ រស់នៅភូមិអភិវឌ្ឍន៍ ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប (ពាក់ព័ន្ធនឹងបទទទួលផលចោរកម្ម)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៥ នាក់ រួមមាន ឈ្មោះ ប្រុស អ៊ីវិនកុម្ភៈ ហៅ ជឺម, ឈ្មោះ ឡុង រក្សា ហៅ សាល, ឈ្មោះ ផា ផាន់ណាដុល្លា ហៅ ខ្លា, ឈ្មោះ ព្រុំ ផល្លា និងឈ្មោះ ហាច ធារ៉ា ហៅ បេន បានឆ្លើយសារភាពស្របគ្នាថា ពួកខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពធាក់ និងកាប់ទៅលើជនរងគ្រោះ រួចយកម៉ូតូពិតប្រាកដមែន ហើយបានយកម៉ូតូនោះទៅលក់នៅក្រុងប៉ោយប៉ែត បានប្រាក់ចំនួន ៤០០ ដុល្លារអាមេរិក និងបានចែកគ្នាចាយវាយអស់។
ដោយឡែក ឈ្មោះ សោម សេងលី ហៅ ពេជ្រ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញម៉ូតូចំនួន ១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ គ្មានអាវ ពីឈ្មោះ ហាច ធារ៉ា ហៅ បេន និងបក្ខពួក ក្នុងតម្លៃ ៤០០ ដុល្លារអាមេរិក ពិតប្រាកដមែន។ ក្រោយពីទិញរួច រូបខ្លួនបានយកម៉ូតូនោះទៅលក់ឱ្យបុរសម្នាក់ មិនស្គាល់ឈ្មោះ រស់នៅស្រុកស្វាយលើ ខេត្តសៀមរាប បានប្រាក់ចំនួន ៣,៣០០,០០០ រៀល។
យោងតាមចម្លើយសារភាពខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតនាំខ្លួនជនសង្ស័យ ២ នាក់ទៀត នៅស្រុកស្វាយលើ យកមកសាកសួរ។
ជនសង្ស័យឈ្មោះ ធី ថែត និង កុក ពេទ្យ បានឆ្លើយសារភាពថា ប្រហែល ១ សប្តាហ៍មុន ក្នុងខែមិថុនា ឆ្នាំ ២០២៦ ពួកខ្លួនពិតជាបានទទួលទិញម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ គ្មានអាវ លេខតួ និងលេខម៉ាស៊ីន 0372857 ក្នុងតម្លៃ ៣,៣០០,០០០ (បីលានបីសែន) រៀល ពីឈ្មោះ Jen La (ឈ្មោះក្នុងហ្វេសប៊ុក) ដែលរស់នៅក្រុងប៉ោយប៉ែត និងស្គាល់គ្នាប្រហែលកន្លះខែ។ បន្ទាប់ពីទិញបានហើយ ក៏យកមកជិះប្រើប្រាស់រហូតដល់សព្វថ្ងៃ។ ចំពោះស្លាកលេខម៉ូតូ ភ្នំពេញ 1AK-4500 វិញ ឈ្មោះ កុក ពេទ្យ បានខ្ចីពីមិត្តភក្តិឈ្មោះ ហន ភីតថឺ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅរាជធានីភ្នំពេញ
យកមកដាក់លើម៉ូតូដែលខ្លួនទិញពីឈ្មោះ Jen La ដើម្បីបន្លំសមត្ថកិច្ច។
វត្ថុតាងដកហូតបាន ម៉ូតូ១ គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ គ្មានអាវ ដែលជាម៉ូតូរបស់ជនរងគ្រោះ ត្រូវបានលោកវរសេនីយ៍ឯក នួន ស័ក្តិចម្រើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្ម ទណ្ឌ តំណាងលោកស្នងការនគរបាលខេត្តសៀមរាប ប្រគល់ជូនជនរងគ្រោះវិញហើយ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកបក្ខពួកផ្សេងទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងសាវតារួចហើយ ហើយកំពុងស្នើសុំដីកាតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្តទៀត៕










