ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្ញើលិខិតអបអរសាទរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសដែលព្រះអង្គត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយ «ពានសមាជិកភាពជើងឯក»។
ទូលព្រះបង្គំជាខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមព្រះបរមរាជានុញ្ញាតសម្តែងនូវ មនោសញ្ចេតនាអបអរសាទរដ៏កក់ក្តៅបំផុត ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក «Champions Award» នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ការទទួលបានពានសមាជិកភាពកិត្តិយសជើងឯក «Champions Award» នេះ គឺជាការទទួលស្គាល់នូវស្នា ព្រះហស្ត និងព្រះរាជហឫទ័យទុកដាក់ខ្ពស់របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលតែងតែលះបង់ព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍ ការលើកកម្ពស់សមភាពយេនឌ័រ ការបង្កើនសកម្មភាពរបស់ស្ត្រី និងក្មេងស្រីនៅក្នុង សង្គម ការអប់រំ ជំនាញវិជ្ជាជីវៈ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងសិល្បៈ ព្រមទាំងព្រះរាជហឫទ័យគាំទ្រដោយស្មោះ ចំពោះចលនាកាយឫទ្ធិនារីកម្ពុជា និងចលនាកាយឫទ្ធិនារីពិភពលោក។
ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លា ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យ បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យព្រះរតនត្រ័យ ឫទ្ធីបារមីខ្លាំងក្លា បុណ្យបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមយាងបីបាច់អភិបាល សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងសូមព្រះអង្គសមប្រកបដោយព្រះពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់ព្រះរាជមេត្តាទទួលនូវគាវរភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតពី ទូលព្រះបង្គំយើងខ្ញុំ៕ដោយ៖តារា










