ខេត្តសៀមរាប ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានលើកឡើងថា ៖ “រាត្រីកម្ពុជា” ! ជារាត្រីដ៏រំភើបប្រកបដោយមោទកភាពក្រៃលែងចំពោះរូបនាងខ្ញុំ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) » លើកទី៣៩ និង «កិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS» លើកទី៤២ ដោយបានទទួលគណៈប្រតិភូជាង ១០០ប្រទេសមកចូលរួម។ ក្នុងរាត្រីប្រកបដោយអត្ថន័យនេះ អង្គពិធីទាំងមូលបានស្គាល់នូវអរិយធម៌ខ្មែរដ៏រុងរឿង សិល្បៈវប្បធម៌សម្បូរបែប ពិសាម្ហូបអាហារខ្មែរយ៉ាងឈ្ងុយឆ្ងាញ់ ជាពិសេសបានទស្សនាការសម្តែងរបាំប្រពៃណីខ្មែរជាច្រើន ដោយសមាជិកាសកម្មនៃ សមាគមកាយឫទ្ធិនារីកម្ពុជា ។
ជាសរុបរួម ឆ្លងកាត់កិច្ចប្រជុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិនិងអន្តរជាតិ សមាជិកា សមាជិកទាំងអស់ បានពង្រឹងនិងបង្កើតនូវចំណងមិត្តភាពថ្មី ចែករំលែកចំណេះដឹងនិងបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ផ្តល់ជំនឿទុកចិត្តដល់គ្នា បានវិវត្តការគិតទៅជាការអនុវត្តជាក់ស្តែង លើកកម្ពស់ស្មារតី តម្លៃ និងភាពក្លាហានដល់ស្ត្រី និងជាសំខាន់គឺបានស្តាប់ពាក្យពេចន៍ចេញពីបេះដូងរបស់កុមារី យុវតី ដើម្បីជ្រោមជ្រែងភាពជាអ្នកនាំសម្រាប់ពេលអនាគត។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តថា ៖ នាងខ្ញុំសូមចូលរួមអបអរសាទរដោយអារម្មណ៍រីករាយជូន សាធារណរដ្ឋរវ៉ាន់ដា (Rwanda) ដែលនឹងជាម្ចាស់ផ្ទះបន្តវេនសម្រាប់រៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៤០ ឆ្នាំ២០២៩ និងសាធារណរដ្ឋអាហ្វ្រិកខាងត្បូង (South Africa) ដែលនឹងជាម្ចាស់ផ្ទះបន្តវេនសម្រាប់រៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤៣ ឆ្នាំ២០២៧ និងសូមជូនពរឱ្យទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់បេសកកម្មជាបន្តបន្ទាប់ ៕
ដោយ ៖ សិលា










