ខេត្តឧត្តរមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ ប្រទេសថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានលើកដង និងបង្ហូតទង់ជាតិថៃនៅក្នុង ទឹកដីកម្ពុជា ស្ថិតក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅថ្ងៃដដែលនោះផងដែរ ឃ្លាំងមួយស្ថិតនៅក្នុងបរិវេណសណ្ឋាគារ និងរមណីយដ្ឋាន Royal O Smach ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ត្រូវ បានរាយការណ៍ថា ត្រូវបានដុតបំផ្លាញដោយចេតនា។ លើសពីនេះ កងកម្លាំងប្រដាប់អាវុធថៃក៏បានសាងសង់ របងបេតុងនៅក្នុងតំបន់ប្រាសាទតាក្របី ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ផងដែរ។
រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះទង្វើទាំងនេះ ដែលជាការរំលោភយ៉ាងជាក់ច្បាស់ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ដោយផែនទីខ្នាត ១:២០០,០០០ ផលិត ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង សន្ធិសញ្ញា ឆ្នាំ១៩០៧។
កម្ពុជា សូមបដិសេធនូវការប៉ុនប៉ងណាមួយក្នុងការបង្ហាញថា សកម្មភាពទាំងនេះស្របនឹងចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពបែបនេះគឺផ្ទុយស្រឡះទៅនឹងខ្លឹមសារ និង ស្មារតីនៃមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាង ប្រទេសកម្ពុជា និងថៃ។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនណាមួយដែល បង្កើតឡើង តាមរយៈការប្រើប្រាស់កម្លាំង ឬការទាមទារទឹកដីដោយឯកតោភាគី ពីសំណាក់ប្រទេសថៃនោះឡើយ។ លើសពីនេះ សកម្មភាពដូចបានរៀបរាប់ខាងលើ នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ឬជំហរផ្លូវច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
កម្ពុជាអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឯកតោភាគី នៅក្នុងតំបន់ដែលបាន រៀបរាប់ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ក្រោមកាលៈទេសៈស្រដៀងគ្នា ដើម្បីបន្ធូរបន្ថយស្ថានការណ៍ កសាង ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អ តាម បណ្តោយព្រំដែនកម្ពុជា-ថៃ។
រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួន ក្នុងការស្វែងរក ដំណោះស្រាយប្រកបដោយមិត្តភាព ចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕ដោយ៖តារា










