ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា ៖ ស្ទើរពេញមួយជីវិតរបស់ ពុក ដើម្បីបុព្វហេតុតែមួយគត់ គឺ ‘ជាតិ និងប្រជាជន’។
៤៩ឆ្នាំមុន, ពុក ក្នុងវ័យ ២៥ឆ្នាំ បានឃ្លាតឆ្ងាយពីទឹកដីកំណើត ពីក្រុមគ្រួសារ និងភរិយាដែលកំពុងពរពោះ ដោយយកជីវិតធ្វើជាដើមទុន ទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន និងសន្តិភាពជូនប្រជាជន។ ទោះត្រូវឆ្លងកាត់សោកនាដកម្មរាប់មិនអស់ ពុក បានដាក់ទុក្ខសោកនៅមួយឡែក ហើយផ្តោតអារម្មណ៍ទាំងស្រុង ប្រមូលផ្តុំកម្លាំងតស៊ូ ដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
បើគ្មានការសម្រេចចិត្តដ៏លំបាកនៅយប់ថ្ងៃទី២០ មិថុនា ១៩៧៧ នោះក៏មិនអាចនាំទៅដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ថ្ងៃទី១២ ឧសភា ១៩៧៨ និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ២ ធ្នូ ១៩៧៨ ហើយឈានទៅសម្រេចជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃ ៧ មករា ១៩៧៩ ដែរ។ ហើយតំបន់កោះថ្ម X16 គឺជាចំណុចចាប់ផ្តើមនៃការតស៊ូរបស់ ពុក ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ជិតកន្លះសតវត្សកន្លងផុតទៅ ពលីកម្ម និងគុណបំណាច់ដ៏ធំធេងរបស់ ពុក និងថ្នាក់ដឹកនាំជំនាន់មុន បានខិតខំកសាងប្រទេសកម្ពុជាពីបាតដៃទទេ ឆ្ពោះទៅរកការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី សន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងផ្តល់ជីវិតថ្មីដល់ប្រជាជនកម្ពុជារាប់លាននាក់ និងដឹកនាំប្រទេសឱ្យមានការទទួលស្គាល់ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងខ្ញុំរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ ដែលកម្ពុជាបានឆ្លងកាត់ ជាការដាស់ស្មារតីកូនខ្មែរគ្រប់ជំនាន់ ឱ្យពុះពារគ្រប់ឧបសគ្គ រួមគ្នាជាធ្លុងមួយ ដើម្បីបន្តជ្រោងទង់កម្ពុជា ក្នុងបុព្វជាតិ និងប្រជាជនកម្ពុជា។ យើងខ្ញុំសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងប្រ ណិ ប័តតាមគំរូវីរភាពដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំជំនាន់មុន ដោយប្តេជ្ញាការពារសន្តិភាព និងថែរក្សាសមិទ្ធផល ដែលថ្នាក់ដឹកនាំជំនាន់មុនបានកសាងឡើងដោយលំបាក ហើយហ៊ានចេញមុខការពារប្រទេសជាតិ ទោះក្នុងតម្លៃណាក៏ដោយ៕
ដោយ ៖ សិលា










