ភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់បានធូរស្រាល ក្រោយមានការសម្របសម្រួលពីអាមេរិក និងកាតា

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា មន្ត្រីសហរដ្ឋអាមេរិកបានឱ្យដឹងថា អ៊ីស្រាអែល និងក្រុមហេសបូឡា បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលចាប់ផ្តើមនៅរសៀលថ្ងៃសុក្រនេះ។ ការព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីការកើនឡើងកម្តៅនៃការប្រយុទ្ធគ្នានៅប្រទេសលីបង់ បានគំរាមកំហែងដល់កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នរវាងអាមេរិក និងអ៊ីរ៉ង់។
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល និងប្រភពពីក្រុមហេសបូឡា បានទទួលស្គាល់ពីបទឈប់បាញ់នេះ ដោយភាគីអ៊ីស្រាអែលបញ្ជាក់ថា ខ្លួននឹងមិនបើកការវាយប្រហារទេ ប្រសិនបើហេសបូឡាមិនវាយប្រហារមុន ប៉ុន្តែកងទ័ពអ៊ីស្រាអែលនឹងនៅតែបន្តឈរជើងនៅភាគខាងត្បូងលីបង់ដដែល។ ទោះជាយ៉ាងណា របាយការណ៍នៅមូលដ្ឋានបានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតែបន្តកើតមាន ទោះបីជាម៉ោងកំណត់នៃបទឈប់បាញ់បានចូលជាធរមានហើយក៏ដោយ។
មុនការប្រកាសបទឈប់បាញ់ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៤៧នាក់នៅលីបង់ ខណៈទាហានអ៊ីស្រាអែល ៤នាក់ក៏ត្រូវបានសម្លាប់ដោយការវាយបករបស់ហេសបូឡាផងដែរ។ មន្ត្រីសហរដ្ឋអាមេរិកបានបង្ហើបថា បទឈប់បាញ់នេះត្រូវបានសម្របសម្រួលដោយអាមេរិក កាតា និងមានការជួយជ្រោមជ្រែងពីអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់គំរាមបញ្ឈប់ការចរចាជាមួយវ៉ាស៊ីនតោន ប្រសិនបើគ្មានសន្តិភាពនៅលីបង់។
អ៊ីស្រាអែលបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ដោយសារខ្លួនមិនត្រូវបានគេអញ្ជើញឱ្យចូលរួមពិគ្រោះយោបល់ ហើយយល់ថាកិច្ចព្រមព្រៀងនេះ មិនបានដោះស្រាយក្តីកង្វល់របស់ខ្លួនជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឱ្យបានច្បាស់លាស់នោះឡើយ៕

...

រូប​ថត​:Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print