ភ្នំពេញ ៖ កម្មករសំណង់ម្នាក់បានស្លាប់នៅនឹងកន្លែង ពេលប្រើប្រាស់ម៉ូទ័រយោងឥដ្ឋការ៉ូឡើងទៅជាន់លើ ហើយម៉ូទ័ររបូតហ្វ្រាំងធ្លាក់មកក្រោមចំក្បាល ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤៦នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចការដ្ឋានសំណង់ផ្ទះល្វែង ផ្ទះលេខ១C ផ្លូវ២៥៧ ក្រុម១២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះលឹង លោត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមកម្មករសំណង់រួមការងារបានឱ្យដឹងថា មុនកើត ហេតុ ជនរងគ្រោះបានបញ្ជាម៉ូទ័រយោងឥដ្ឋការ៉ូឡើងទៅជាន់ទី៣។ ដោយសារការ៉ូធ្ងន់ខ្សែយោងបានរេចុះឡើង ហើយក៏របូតហ្វ្រាំងធ្លាក់ចុះមកក្រោមបោកនឹងដែកអន្ទាល ធ្លាក់ត្រូវចំក្បាលជនរងគ្រោះខាងឆ្វេង បណ្តាលឱ្យបែកឈាមហូរស្រោចដួលស្លាប់នៅនឹងកន្លែង។
បន្ទាប់ពីកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានកម្លាំងមូលដ្ឋានចុះទៅហ៊ុមព័ទ្ធនៅកន្លែងកើតហេតុ និងទាក់ទងទៅនគរបាលជំនាញ ដើម្បីចុះត្រួតពិនិត្យ ៕










