ភ្នំពេញ : លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លើកឡើងថា , គ្មានការឈឺចាប់ណាខ្លាំងជាងការឈឺចាប់ដែលប្រទេសជាតិត្រូវសត្រូវឈ្លានពាននិងប្រមាថនោះទេ។ មានរឿងរ៉ាវជាច្រើនដែលខ្ញុំចង់សរសេរ ប៉ុន្តែខ្ញុំគិតថា រឿងរ៉ាវទាំងនោះវាបានដក់ជាប់កប់យ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងនិងមនោសញ្ចេតនារបស់ប្រជាជនខ្មែរគ្រប់រូបរួចស្រេចទៅហើយ។
លោកបណ្ឌិត គិន ភា បន្តថា , ខ្ញុំសូមបង្ហោះរូបថតប៉ុន្មានសន្លឹកនេះឡើងវិញ ដែលខ្ញុំយកចេញពីបណ្ដាញសង្គមដែលបងប្អូនយើងបានបង្ហោះរួចហើយ។ តាមរយៈរូបថតប៉ុន្មានសន្លឹកនេះ ខ្ញុំនិងប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នការនយោបាយទាំងក្នុងនិងក្រៅប្រទេស សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅនិងជំពាក់គុណដ៏សែនធ្ងន់ចំពោះបងប្អូនវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់និងពលីជីវិតដើម្បីការពារទឹកដីនិងប្រាសាទបុរាណដែលជាមរតកដូនតាខ្មែរយើង។ ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នការនយោបាយចងចាំជានិច្ចចំពោះវីរភាពនៃការលះបង់និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់បងប្អូនវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។
តាមរយៈការតស៊ូប្រយុទ្ធនឹងសត្រូវឈ្លានពានរយៈពេល៥ថ្ងៃកន្លងមកនេះ យើងបានមើលឃើញយ៉ាងប្រត្យក្សនូវមហាសាមគ្គីជាតិនិងឯកភាពជាតិនៃមហាគ្រួសារខ្មែរទាំងនៅសមរភូមិមុខនិងសមរភូមិក្រោយ និងទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលមិនធ្លាប់មានរាប់សតវត្សរ៍ឬទសវត្សរ៍មកហើយ។ ម្នាក់ៗសុទ្ធតែមានការឈឺឆ្អាលចំពោះប្រទេសជាតិនិងការឈឺចាប់ចំពោះសត្រូវឈ្លានពាន ហើយបានប្រែក្លាយការឈឺឆ្អាលនិងការឈឺចាប់ទាំងនោះទៅជាសកម្មភាពជាក់ស្ដែងតាមរយៈការគាំទ្រជាស្មារតី សម្ភារៈ ថវិកា និងបញ្ញាញាណទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។ ចំណែកបងប្អូនខ្មែរនៅឯនាយសមុទ្រ បានចេញតវ៉ាប្រឆាំងអំពើឈ្លានពានរបស់សត្រូវស្ទើរពាសពេញពិភពលោកក្នុងស្មារតីខ្មែរតែមួយ។
ឈរលើស្មារតីនៃមហាសាមគ្គីជាតិនិងឯកភាពជាតិដែលយើងមាននាពេលនេះ យើងត្រូវប្រែក្លាយមេរៀន, សោកនាដកម្ម និងការឈឺចាប់ដែលបង្កឡើងដោយសត្រូវឈ្លានពាន ទៅជាការខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការពង្រឹងស្មារតីសាមគ្គីជាតិនិងឯកភាពជាតិយូរអង្វែងនិងមានលក្ខណៈជាប្រព័ន្ធ និងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពជាតិយើងលើគ្រប់វិស័យទៅថ្ងៃអនាគត។
ចំពោះមុខវិញ្ញាណក្ខន្ធនៃវីរកងទ័ពដ៏អង់អាចក្លាហានដែលបានពលីជីវិតដើម្បីការពារទឹកដីដូនតា, យើងត្រូវរួបរួមគ្នាជាធ្លុងមួយជាមួយវីរកងទ័ពយើងនិងរាជរដ្ឋាភិបាលយើង ដើម្បីបន្តរក្សាការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីយើងពីការឈ្លានពានរបស់សត្រូវគ្រប់ប្រភេទ។ យើងមិនអាចឱ្យវីរកងទ័ពយើងស្លាប់ទៅទទេៗដោយគ្មានផលត្រឡប់នោះទេ៕
ដោយ : សិលា










