ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៥ លាននាក់ នៅក្នុងរយៈពេល ៥ ខែ ២០២៦ មានការធ្លាក់ចុះ ៤៧% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិជាង ១,៥ លាននាក់ មានទេសចរចិនជិត ៤០ ម៉ឺននាក់ ធ្លាក់ចុះ ១៩% វៀតណាម ៣៨ ម៉ឺននាក់ ធ្លាក់ចុះជិត ២៦% អាមេរិកជាង ៩ ម៉ឺននាក់ ធ្លាក់ចុះជាង ១១% អង់គ្លេសជាង ៦ ម៉ឺននាក់ ធ្លាក់ចុះ ១៤,៥% និងបារាំងជាង ៥ ម៉ឺននាក់ ធ្លាក់ចុះ ១៦,៥%។
បើតាមប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) លោក ធួន ស៊ីណាន បានឱ្យដឹងថា កម្ពុជារងសម្ពាធកាលពីឆ្នាំមុន ដោយសារការចោទប្រកាន់ពីការឆបោកអនឡាញ និងការឈ្លានពានពីប្រទេសថៃបានធ្វើឱ្យទេសចរណ៍ធ្លាក់ចុះ។
ជាមួយគ្នានេះ លោកប្រធានសមាគមទេសចរណ៍រូបនេះ ក៏បានយល់ឃើញថា៖ «ភូមិសាស្ត្រនយោបាយកំពុងកើតមានឡើងនៅលើពិភពលោក អ្វីក៏អាចកើតមានឡើងគ្រប់ពេលវេលា»។
ដោយឡែកបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានមានប្រសាសន៍ថា សម្រាប់ភ្ញៀវទេសចរដែលនឹងមកទស្សនាកម្ពុជា នៅក្នុងឆ្នាំ ២០២៦ អ្នកជំនាញបានធ្វើការប៉ាន់ស្មានដោយផ្អែកលើមូលដ្ឋានជាក់ស្តែង និងបានបែងចែកជា ៣ ករណី។ ករណីទី១ ប្រសិនបើវិបត្តិ និងបញ្ហាប្រឈមនានានៅតែបន្តអូសបន្លាយ ចំនួនភ្ញៀវទេសចរអាចស្ថិតក្នុងរង្វង់ ៤,៦ ទៅ ៤,៨ លាននាក់។
ករណីទី២ ប្រសិនបើស្ថានភាពព្រំដែននៅមិនទាន់បានធូរស្បើយពេញលេញ ចំនួនភ្ញៀវអាចមានចន្លោះពី ៥,៣ ទៅ ៥,៥ លាននាក់។ ករណីទី ៣ ប្រសិនបើស្ថានភាពអ្វីៗ ត្រឡប់មកល្អប្រសើរឡើងវិញទាំងស្រុង កម្ពុជាអាចរំពឹងទទួលបានភ្ញៀវចន្លោះពី ៦,១ ទៅ ៦,៣ លាននាក់។
គួរជម្រាបជូនថា កម្ពុជានៅក្នុងឆ្នាំ ២០២៥កន្លងទៅនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៧ លាននាក់ ធ្លាក់ចុះ ១៦,៧% ធៀបនឹងឆ្នាំ ២០២៤ ខណៈចំណូលបានពីវិស័យទេសចរណ៍មានចំនួន ៣.៨៧៨ លានដុល្លារ កើនឡើង ៦,៦%៕ដោយ៖តារា










