ខ្សែប្រយុទ្ធ លីអូនែល មេស៊ី (Lionel Messi) បានក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ FIFA World Cup បន្ទាប់ពីស៊ុតបញ្ចូលទី 2 គ្រាប់ ជួយអាហ្សង់ទីនយកឈ្នះអូទ្រីស 2-0 និងធានាកៅអីទៅកាន់វគ្គ 32 ក្រុមចុងក្រោយ។
មេស៊ី ដែលនឹងឈានចូលវ័យ 39 ឆ្នាំនៅថ្ងៃពុធនេះ បានរកគ្រាប់បាល់ទី 17 និងទី 18 របស់ខ្លួននៅ World Cup ដោយបំបែកកំណត់ត្រាចាស់របស់អតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ មីរ៉ូស្លាវ ក្លូសេ (Miroslav Klose) ដែលរកបាន 16 គ្រាប់ចន្លោះឆ្នាំ 2002 ដល់ 2014។
គ្រាប់បាល់បំបែកកំណត់ត្រាបានកើតឡើងនៅនាទីទី 38 នៃការប្រកួតក្នុងពូល J នៅទីក្រុង Dallas ខណៈ មេស៊ី បញ្ចប់ទីយ៉ាងល្អពីការបញ្ជូនបាល់របស់ Facundo Medina ។
គ្រាប់ទីពីររបស់ប្រធានក្រុមអាហ្សង់ទីនកើតឡើងនៅម៉ោងបន្ថែមចុងការប្រកួត ខណៈរូបគេស៊ុតពីមុំតូចផុតដៃអ្នកចាំទី Alexander Schlager បន្ទាប់ពី Julian Alvarez ត្រូវបានសង្គ្រោះបាល់ជាមុន។
ទោះជាយ៉ាងណា មេស៊ី អាចបំបែកកំណត់ត្រាបានលឿនជាងនេះ បន្ទាប់ពីអាហ្សង់ទីនទទួលបានបាល់ពិន័យ 11 ម៉ែត្រនៅនាទីទី 8 ប៉ុន្តែការស៊ុតរបស់គេបានហោះចេញក្រៅគោលដៅ។
ជ័យជម្នះនេះធ្វើឱ្យអាហ្សង់ទីនមាន 6 ពិន្ទុពី 2 ប្រកួត និងក្លាយជាក្រុមទី 4 ដែលបានឡើងទៅវគ្គ 32 ក្រុមចុងក្រោយ បន្ទាប់ពីម៉ិកស៊ិក សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។
មេស៊ីក៏កំពុងនាំមុខតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ World Cup 2026 ផងដែរ ដោយមាន 5 គ្រាប់ពី 2 ប្រកួត បន្ទាប់ពីធ្វើ Hat-trick ក្នុងជ័យជម្នះ 3-0 លើអាល់ហ្សេរីនៅការប្រកួតបើកឆាក។
ម្ចាស់ពាន Ballon d’Or 8 សម័យ រូបនេះ បានបន្តបង្ហាញសមត្ថភាពដ៏អស្ចារ្យ ទោះបីមានវ័យជិត 39 ឆ្នាំក៏ដោយ។ ក្នុងចំណោម 18 គ្រាប់របស់គេនៅ World Cup មាន 12 គ្រាប់កើតឡើងក្រោយពេលឈានចូលវ័យ 35 ឆ្នាំ។
បច្ចុប្បន្ន មេស៊ីមានគ្រាប់បាល់សរុប 122 គ្រាប់ពី 201 ប្រកួត ឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈខ្សែប្រយុទ្ធបារាំង គីលៀន អំបាបេ (Kylian Mbappé) ដែលមាន 15 គ្រាប់នៅ World Cup ក៏កំពុងប្រជែងកំណត់ត្រានេះផងដែរ។
អាហ្សង់ទីននឹងបន្តជួបហ្សកដានីនៅប្រកួតចុងក្រោយក្នុងពូល J នៅថ្ងៃទី 28 មិថុនា ខណៈ មេស៊ី មានឱកាសបន្ថែមគ្រាប់បាល់ និងពង្រីកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនបន្ថែមទៀត៕











