បូស្ន៊ី និងកាតារ ប្តេជ្ញាប្រយុទ្ធរៀងខ្លួនក្នុងជំនួបសម្រេចជោគវាសនានៅ World Cup

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិបូស្ន៊ី និងហឺហ្សេហ្គូវីណា លោក Sergej Barbarez បានអះអាងថា ក្រុមរបស់លោកនឹងលេងបែបវាយលុកនៅពេលជួបកាតារក្នុងការប្រកួតដ៏សំខាន់មួយនៅថ្ងៃពុធ ខណៈក្រុមទាំងពីរត្រូវការឈ្នះដាច់ខាត ដើម្បីរក្សាក្តីសង្ឃឹមឆ្ពោះទៅវគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup 2026។

បន្ទាប់ពីស្មើជាមួយម្ចាស់ផ្ទះកាណាដា ១-១ ក្នុងប្រកួតបើកឆាក និងបរាជ័យក្រោមថ្វីជើងស្វីស ក្រុមបូស្ន៊ីដឹងច្បាស់ថា លទ្ធផលស្មើនឹងមិនគ្រប់គ្រាន់សម្រាប់ការឡើងទៅវគ្គបន្ទាប់ឡើយ។

លោក Barbarez បានប្រាប់អ្នកសារព័ត៌មានថា៖ «សម្រាប់យើង គោលដៅមិនមែនការពារខ្លួនរយៈពេល ៩០ នាទីនោះទេ។ វានឹងមិនមែនជាការប្រកួតដែលមានតែបាល់វែង និងការការពារទេ។ ក្រុមទាំងពីរនឹងត្រូវប្រយុទ្ធដើម្បីយកជ័យជម្នះ»។

គ្រូបង្វឹករូបនេះក៏បានបញ្ជាក់ថា បូស្ន៊ីរំពឹងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្ររបស់ខ្លួននៅទីក្រុងស៊ីអាថល ប៉ុន្តែលោកក៏ព្រមានថា កាតារគឺជាគូប្រជែងដែលមិនអាចមើលស្រាលបានឡើយ។ «ថាតើយើងជាក្រុមដែលគេចាត់ទុកថាជាបេក្ខភាពឈ្នះ ឬអត់ វាមិនផ្លាស់ប្តូរវិធីសាស្ត្រលេងរបស់យើងឡើយ។ តាមចំណាត់ថ្នាក់ FIFA កាតារមានចំណាត់ថ្នាក់ខ្ពស់ជាងយើង ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន»។

លោកបន្ថែមថា ទម្រង់លេងល្អអាចយកឈ្នះគុណភាពបាននៅពេលខ្លះ។

ចំណែកកាតារប្តេជ្ញាប្រយុទ្ធដល់ទីបញ្ចប់ ដើម្បីស្វែងរកជ័យជម្នះប្រវត្តិសាស្ត្រ

នៅផ្នែកម្ខាងទៀត គ្រូបង្វឹកកាតារ លោក Julen Lopetegui បាននិយាយថា ក្រុមរបស់លោកនឹង «ប្រយុទ្ធអស់ពីសមត្ថភាព» ដើម្បីស្វែងរកជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅវគ្គផ្តាច់ព្រ័ត្រ World Cup។

កាតារកំពុងស្ថិតក្រោមសម្ពាធ បន្ទាប់ពីបរាជ័យយ៉ាងធ្ងន់ធ្ងរ ៦-០ ក្រោមថ្វីជើងកាណាដា ក្នុងការប្រកួតចុងក្រោយ។

ក្នុងជំនួបនោះ ខ្សែការពារ Homam Ahmed និងខ្សែបម្រើ Assim Madibo សុទ្ធតែទទួលបានកាតក្រហម។ ជាពិសេស Madibo ត្រូវបានបណ្ដេញចេញក្រោយបង្ករបួសបាក់ជើងដល់ខ្សែបម្រើកាណាដា Ismael Kone។ 

លោក Lopetegui បានបង្ហើបថា Madibo បានទៅសួរសុខទុក្ខ Kone ដល់ទីក្រុង Vancouver ផងដែរ។

«គាត់មានអារម្មណ៍សោកស្តាយខ្លាំងចំពោះរឿងនេះ។ វាមិនមែនជាចេតនារបស់គាត់ឡើយ»។

ទោះបីជាទទួលបានលទ្ធផលអាក្រក់ក៏ដោយ លោក Lopetegui បានសង្កត់ធ្ងន់ថា ក្រុមរបស់លោកបានបំភ្លេចអតីតកាល ហើយផ្តោតទាំងស្រុងលើការប្រកួតជាមួយបូស្ន៊ី។ «សម្ពាធមែនទេ? អត់ទេ។ យើងមានមហិច្ឆតា និងក្តីរំភើប»។

ខ្សែប្រយុទ្ធ Ahmed Al-Eddin ក៏បានលើកឡើងថា ការគាំទ្រពីអ្នកគាំទ្រកាតារនៅសហរដ្ឋអាមេរិក បានផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងដល់ក្រុម។ «វាធ្វើឱ្យយើងមានអារម្មណ៍ដូចជាកំពុងលេងនៅកាតារ មិនមែននៅសហរដ្ឋអាមេរិកឡើយ។ យើងនឹងព្យាយាមតបស្នងការគាំទ្រនោះដោយការប្រកួតដ៏ល្អបំផុតរបស់យើង»។

...

ការប្រកួតរវាង បូស្ន៊ី និងកាតារ នឹងក្លាយជាជំនួបសម្រេចជោគវាសនារបស់ក្រុមទាំងពីរ ខណៈអ្នកចាញ់អាចនឹងត្រូវលាគ្នាពីព្រឹត្តិការណ៍ World Cup 2026 មុនពេលឈានដល់វគ្គចាញ់-ធ្លាក់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print