២នាក់​តាយាយដាំ​ឈូក​ក្នុង​ស្រែពេល​មេឃ​កំពុង​ភ្លៀង ត្រូវរន្ទះបាញ់​ស្លាប់​ប្រពន្ធ,ប្ដី​នៅ​ក្បែរ​​រួច​​ជីវិត នៅស្រុកពោធិ៍រៀង

ចែករំលែក៖

ខេត្ត​ព្រៃវែង ​៖ ជា​រឿងសោកស្តាយបំផុត សម្រាប់​តា​យាយ​ពីរ​នាក់​ប្ដី​ប្រពន្ធ នាំ​គ្នា​ដាំ​ឈូក​នៅ​ក្នុង​វាលស្រែ​ពេល​មេឃ​កំពុង​ភ្លៀង ត្រូវ​រន្ទះបាញ់​ស្លាប់​យាយ​ជា​ប្រពន្ធ ចំណែក​តា​ជា​ប្ដី​នៅ​ក្បែរ​គ្នា ​តែ​គ្មាន​គ្រោះថ្នាក់ ​។

គ្រោះ​ធម្មជាតិ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​2 និង​40​នាទី​រសៀល​ថ្ងៃ​ទី​23 មិថុនា នៅ​ចំណុច​វាលស្រែ​ត្រ​កៀប​ក្តាម ក្នុងភូមិ​ព្រៃ​មាស ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង​ ខេត្តព្រៃវែង​ ។ ជន​រង​គ្រោះ​មានឈ្មោះ យួន ផល ភេទ​ស្រី អាយុ​63​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ ។

យោង​តាម​ការ​រៀបរាប់​របស់​លោកតា គល់ ម៉ុ​ល អាយុ​៦៥​ឆ្នាំ ដែល​ត្រូវជា​ប្ដី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​1​រសៀល​ មុន​ពេល​កើតហេតុ គាត់​បាន​ដឹក​ប្រពន្ធ​ទៅ​ដាំ​ឈូក​ជាមួយ​គ្នា​នៅ​វាល​ត្រ​កៀប​ក្តាម ដោយ​ចុះ​ដាំ​ក្នុង​ស្រែ​ជាមួយ​គ្នា។ លុះ​ម៉ោង​ប្រហែល​២​កន្លះ មេឃ​ក៏​ចាប់ ផ្ដើម​ភ្លៀង។ ដោយ​យល់​ថា ​មេឃ​ភ្លៀង​ត្រជាក់​ស្រួល​ធ្វើការ គាត់​នឹង​ប្រពន្ធ​ក៏​មិន​បាន​ឈប់​ដែរ នៅ​បន្ត​ដាំ​ឈូក​ធម្មតា លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​រន្ទះបាញ់​គ្រាំ​ង​ចំ​ប្រពន្ធ​របស់​គាត់ ​បណ្ដាល​ឲ្យ​ដួល​ស្ដូក ស្ដឹង​នៅ​ក្នុង​ស្រែ​។

លោកតា​ជា​ប្ដី​បាន​បញ្ជាក់​ថា ភ្លាម​ៗ ​គាត់​បាន​ស្ទុះ​ទៅ​លើក​ប្រពន្ធ​ដឹក​យក​មក​ផ្ទះ និង​ហៅ​គ្រូពេទ្យ​មក​ជួយ​សង្គ្រោះ ប៉ុន្តែ​ពេល​ពេទ្យ​មក​ដល់​បាន​ប្រាប់​ថា លោក យាយ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ និង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្ដង​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print