ខេត្តស្វាយរៀង: កម្លាំងនគរបាលខេត្តស្វាយរៀង និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ចុះធ្វើរដ្ឋបាលចំហរចំនួន ០៥ទីតាំង ជាទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ២៨នាក់នៅក្រុងបាវិត។
កម្លាំងនគរបាលខេត្តស្វាយរៀងបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជា ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឡាយ ចន្នី ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាលចំហ និងស្រាវជ្រាវ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួល ចំនួន ០៥ទីតាំង ស្ថិតនៅនៅភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត ។
ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ២៨នាក់ ស្រី ០៣នាក់ (ជនជាតិវៀតណាម ២៦នាក់ ស្រី ០៣នាក់,ជនជាតិចិន ០២នាក់ ប្រុស)។
ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One ,កុំព្យូទ័រយួរដៃ, ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទសុីល បិទទីតាំងបណ្ដោះអាសន្នផងដែរ។










