Vinicius រកបាន ២ គ្រាប់ ជួយប្រេស៊ីលយកឈ្នះស្កុតឡែន 3-0 ឡើងទៅវគ្គ 32 ក្រុមចុងក្រោយ World Cup

ចែករំលែក៖

ក្រុមជម្រើសជាតិ ប្រេស៊ីល បានកក់កៅអីទៅកាន់វគ្គ 32 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup 2026 ជាផ្លូវការ បន្ទាប់ពីយកឈ្នះ ស្កុតឡែន ក្នុងលទ្ធផល 3-0 កាលពីថ្ងៃពុធ ដោយខ្សែប្រយុទ្ធ Vinicius Jr រកបាន 2 គ្រាប់ ខណៈ Neymar បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិជាលើកដំបូងក្នុងរយៈពេលជិត 3 ឆ្នាំ។

នៅចំពោះមុខអ្នកទស្សនាជាង 64,000 នាក់នៅកីឡដ្ឋាន Miami ក្រុមរបស់លោក Carlo Ancelotti បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដើម្បីបញ្ចប់នៅកំពូលតារាងពូល C ជាមួយ 7 ពិន្ទុ។

Vinicius Jr ដែលកំពុងឡើងជើងខ្លាំង បានរកគ្រាប់បាល់ក្នុងគ្រប់ការប្រកួតរបស់ប្រេស៊ីលនៅ World Cup លើកនេះ ហើយពេលនេះមាន 4 គ្រាប់ ស្មើជាមួយ Kylian Mbappe និង Erling Haaland ខណៈនៅចាញ់តែ 1 គ្រាប់ប៉ុណ្ណោះពីកំណត់ត្រារបស់ Lionel Messi។

លោក Ancelotti បានថ្លែងក្រោយការប្រកួតថា៖ «យើងលេងបានល្អណាស់។ វាជាការប្រកួតដ៏ពេញលេញជាងមុន ហើយយើងពេញចិត្តនឹងលទ្ធផលនេះ។ ឥឡូវនេះវគ្គសំខាន់កំពុងរង់ចាំយើង។ ការវិលត្រឡប់របស់ Neymar គឺមានសារៈសំខាន់ និងអាចជួយក្រុមបានយ៉ាងច្រើន»។

ប្រេស៊ីលបើកការនាំមុខយ៉ាងលឿន

ការប្រកួតទើបតែឈានដល់នាទីទី 7 ប៉ុណ្ណោះ ប្រេស៊ីលក៏រកបានគ្រាប់បាល់នាំមុខ បន្ទាប់ពីខ្សែការពារ Scott McKenna បោសបាល់មិនដាច់ ឱ្យ Rayan ឆក់យកបាល់បាន មុនបញ្ជូនឱ្យ Vinicius បញ្ចប់ទីយ៉ាងងាយស្រួល។

Vinicius បានស៊ុតបញ្ចូលទីម្តងទៀតនៅមុនចប់តង់ទី១ បន្ទាប់ពី Bruno Guimaraes បញ្ជូនបាល់យ៉ាងល្អទៅបង្គោលឆ្ងាយ ឱ្យគេតែតបញ្ចូលទី ធ្វើឱ្យប្រេស៊ីលនាំមុខ 2-0។

កីឡាករ Cunha របស់ក្លិបបិសាចក្រហមManchester United បន្ថែមគ្រាប់ទី៣

ចូលដល់តង់ទី២ ប្រេស៊ីលនៅតែគ្រប់គ្រងការប្រកួតទាំងស្រុង។ នៅនាទីទី 59 Matheus Cunha រកបានគ្រាប់បាល់ទី៣របស់ខ្លួននៅ World Cup លើកនេះ បន្ទាប់ពីការបង្កើតឱកាសដ៏ល្អពី Bruno Guimaraes ដែលជាអ្នកបញ្ជូនបាល់ឱ្យគ្រាប់បាល់ទាំងពីរដំបូងផងដែរ។

Cunha បាននិយាយថា៖ «វាដូចជាសុបិនក្លាយជាការពិត។ ក្រុមកំពុងតែរីកចម្រើនពីមួយប្រកួតទៅមួយប្រកួត ហើយយើងនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីឈ្នះជើងឯកពិភពលោកលើកទី៦»។

Neymar ត្រឡប់មកវិញក្រោយអវត្តមានជិត 3 ឆ្នាំ

សំឡេងហ៊ោកញ្ជ្រៀវខ្លាំងបំផុតនៅកីឡដ្ឋានបានកើតឡើងនៅពេលលោក Ancelotti ដាក់ Neymar វ័យ 34 ឆ្នាំ ចូលលេងក្នុងតង់ទី២។

អតីតតារារបស់ Barcelona និង PSG មិនបានពាក់អាវជម្រើសជាតិប្រេស៊ីលតាំងពីខែតុលា ឆ្នាំ 2023 មកម្ល៉េះ។ ទោះបីជាលេងបានត្រឹមរយៈពេលខ្លីក៏ដោយ Neymar បានបង្កើតឱកាសគ្រោះថ្នាក់ 3 លើក និងបង្ហាញថាគេនៅតែមានឥទ្ធិពលលើការវាយប្រហាររបស់ក្រុម។

ចំណែកស្កុតឡែន មិនអាចបង្កការគំរាមកំហែងច្រើនឡើយ ហើយបានបញ្ចប់ការប្រកួតដោយគ្មានគ្រាប់បាល់ ខណៈអ្នកចាំទី Alisson Becker រក្សាសំណាញ់ទីមិនឱ្យរបូតបានជោគជ័យ។

ក្រោយចប់ការប្រកួត គ្រូបង្វឹកស្កុតឡែន Steve Clarke បានសារភាពថា៖

«យើងបានផ្តល់គ្រាប់បាល់ឱ្យពួកគេដោយខ្លួនឯង ហើយលេងតាមរបៀបដែលប្រេស៊ីលចង់បាន។ យើងពិតជាខកចិត្តនឹងលទ្ធផលនេះ»។

...

លទ្ធផលនេះធ្វើឱ្យប្រេស៊ីលឈរនៅកំពូលពូល C និងឡើងទៅវគ្គ 32 ក្រុមចុងក្រោយ ខណៈស្កុតឡែនត្រូវរង់ចាំអ៊ុតមើលថា តើអាចឡើងក្នុងនាមជាក្រុមលេខ៣ល្អបំផុតបានឬអត់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print