ត្រីមាស “Swimbappe” ក្លាយជាតារាល្បីនៅកាណាដា ដោយទស្សន៍ទាយលទ្ធផល World Cup

ចែករំលែក៖

តូរ៉ុនតូ, កាណាដា – ត្រីមាសមាសប្រភេទ Oranda មួយក្បាលមានឈ្មោះថា Swimbappe កំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្របាល់ទាត់យ៉ាងខ្លាំងនៅទីក្រុង Toronto បន្ទាប់ពីវាបានធ្វើការទស្សន៍ទាយលទ្ធផលការប្រកួត World Cup ជារៀងរាល់ថ្ងៃពីក្នុងអាងទឹកដែលត្រូវបានរចនាឡើងដូចជាទីលានបាល់ទាត់តូចមួយ។

Swimbappe ត្រូវបានដាក់ឈ្មោះតាមខ្សែប្រយុទ្ធ និងប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងអាងទឹកពិសេសមួយ ដែលដាក់តាំងនៅខាងក្រៅអគារការិយាល័យមួយកន្លែងក្នុងកណ្តាលទីក្រុងតូរ៉ុនតូ។

ជារៀងរាល់ថ្ងៃ ត្រីតូចពណ៌ទឹកក្រូចនេះនឹងហែលចេញពីកណ្តាល “ទីលាន” ដើម្បីជ្រើសរើសក្រុមដែលវាគិតថានឹងឈ្នះ។ ទង់ជាតិនៃក្រុមប្រកួតត្រូវបានដាក់នៅសងខាងអាង ខណៈអ្នកទស្សនាតែងប្រមូលផ្តុំគ្នារាប់ថយក្រោយ មុនពេល Swimbappe ហែលទៅខាងឆ្វេង ឬខាងស្តាំ ដើម្បីបង្ហាញការទស្សន៍ទាយរបស់វា។

រហូតមកដល់ពេលនេះ Swimbappe បានទស្សន៍ទាយត្រូវចំនួន ១៤ ប្រកួត, ខុសតែ ៤ ប្រកួត និងបានព្យាករណ៍លទ្ធផលស្មើចំនួន ១០ ដង។

លោក Tim Glenn នាយកផ្នែកច្នៃប្រឌិតរបស់ក្រុមហ៊ុន OneMethod និងជាអ្នកបង្កើតគំនិតនេះ បាននិយាយថា ការទស្សន៍ទាយលទ្ធផលស្មើគឺពិបាកបន្តិចសម្រាប់ត្រីមួយក្បាលក្នុងការបង្ហាញ។

បន្តប្រពៃណីសត្វទស្សន៍ទាយ World Cup

Swimbappe កំពុងបន្តកេរ្តិ៍ឈ្មោះរបស់សត្វទស្សន៍ទាយល្បីៗក្នុងព្រឹត្តិការណ៍ World Cup ដូចជា មឹក Paul the Octopus ដែលល្បីល្បាញនៅ World Cup ឆ្នាំ 2010 ដោយទស្សន៍ទាយលទ្ធផលប្រកួតរបស់អាល្លឺម៉ង់បានយ៉ាងត្រឹមត្រូវ។ កាលពីមុន ក៏មានសត្វស្វា និងដំរីដែលធ្លាប់ចូលរួមក្នុងការទស្សន៍ទាយលទ្ធផលបាល់ទាត់ផងដែរ។

លោក Glenn បានឱ្យដឹងថា ក្រុមការងាររបស់លោកបានពិចារណាឈ្មោះជិត 100 មុនពេលសម្រេចយក “Swimbappe” ជាឈ្មោះផ្លូវការ។

លោកបានបន្ថែមថា៖ “នេះគឺជាវិធីមួយដែលយើងចង់ចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ទីក្រុងតូរ៉ុនតូ និងប្រទេសកាណាដាទាំងមូល។”

ទាក់ទាញអ្នកដំណើររាប់រយនាក់

Swimbappe កំពុងទាក់ទាញមនុស្សជាច្រើនឱ្យឈប់មើលជារៀងរាល់ថ្ងៃ។ សិស្សសាលាមួយក្រុមថែមទាំងបានស្រែកហៅឈ្មោះ “Swimbappe! Swimbappe!” ខណៈពួកគេដើរកាត់ទីតាំងនោះ។

មុនការប្រកួតរវាងប្រេស៊ីល និងហៃទីក្នុងពូល C កាលពីពេលថ្មីៗនេះ Swimbappe បានហែលទៅខាងស្តាំ ដើម្បីជ្រើសរើសហៃទីជាអ្នកឈ្នះ ទោះបីជាក្រុមនេះត្រូវបានគេចាត់ទុកថាជាក្រុមអន់ជាងក៏ដោយ។

លោក Glenn បាននិយាយដោយអារម្មណ៍រីករាយថា៖“វាមានវិធីគិតរបស់វាផ្ទាល់។ យើងគ្រាន់តែត្រូវជឿជាក់លើដំណើរការរបស់ Swimbappe ប៉ុណ្ណោះ។”

...

ខណៈ World Cup 2026 កំពុងបន្តទាក់ទាញអ្នកគាំទ្រជុំវិញពិភពលោក ត្រីតូចមួយក្បាលនេះក៏បានក្លាយជាតារាល្បីមួយរូបនៅទីក្រុងតូរ៉ុនតូ ដោយនាំមកនូវភាពសប្បាយរីករាយ និងការចាប់អារម្មណ៍បន្ថែមសម្រាប់អ្នកស្រឡាញ់បាល់ទាត់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print