ខេត្តកំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់ប្រកាច់ស្លាប់ក្នុងថ្លុកឈាមបន្ទាប់ពីត្រូវម៉ូតូមួយគ្រឿងបានបុកជនរងគ្រោះដែលកំពុងជិះកង់បម្រុងបត់ឆ្លងផ្លូវ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ មុខមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ស្ថិតក្នុង ភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចឲ្យដឹងថា បុរសរងគ្រោះឈ្មោះ អៀវ ទត អាយុ៦៦ឆ្នាំ មានទីលំនៅ ភូមិកោះក្របី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជាកម្មករធ្វើសំណង់ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានជិះកង់ពីជើងទៅត្បូងពេលដល់ចំណុចកើតហេតុបុរសរងគ្រោះរៀបនឹងបត់ឆ្លងថ្នល់ចូលកន្លែងធ្វើការ ពេលដែលកំពុងចាំបត់ក៏មានម៉ូតូមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នាបុកយ៉ាងពេញទំហឹងពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកជនបង្កបានបើកម៉ូតូគេចខ្លួនបាត់តែម្តង ។ ក្នុងពេលនោះស្រាប់តែមានម៉ូតមួយគ្រឿងទៀតបានធ្វើដំណើរគេចជនរងគ្រោះបណ្តាលឲ្យដួលនិងរបួសស្រាលផងដែរ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ចន្ថា