ខេត្តបាត់ដំបង÷កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ២០និង៣០នាទី នៅចំណុចភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសបង្កដោយក្មេងទំនើងកើតឡើង០១ករណី មានជន សង្ស័យមួយក្រុមបាន ធ្វើសកម្មភាពកាប់ទៅលើជនរង គ្រោះឈ្មោះវ៉ិត សាវ័ណហៅវីន ភេទប្រុស មានទីលំនៅក្រុមទី២២ ភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពេលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ បណ្តាលឱ្យរងរបួស(របួសស្រាល) ដោយសារជនរង គ្រោះគេចផុតពីមុខកាំបិត ហើយផ្តួលម៉ូតូចោលគេចខ្លួន ធ្វើឱ្យជនសង្ស័យកាប់បំផ្លាញម៉ូតូជនរងគ្រោះខូចខាតដោយអន្លើមុនពេលគេចាកចេញពីកន្លែងកើតហេតុ។
ទទួលបានព័ត៌មានពីជនរងគ្រោះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តន៍បទបញ្ជាលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯកឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្រាវជ្រាវស៊ើបអង្កេតកំណត់ មុខសញ្ញា និងឈានទៅនាំខ្លួនជនសង្ស័យឈ្មោះង៉ា ស៊ីណាន ភេទប្រុស មានទីលំនៅភូមិសូភី១ សង្កាត់រតនះ ក្រុងបាត់ដំបង យកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឌុបបក្សពួកខ្លួនទៅកាប់ជនរងគ្រោះ និងម៉ូតូជនរងគ្រោះពិតប្រាកដមែននៅកន្លែងកើតហេតុខាងលើ ដោយសារពួកខ្លួនមានទំនាស់និងគំនុំជាមួយគ្នាពីពេលកន្លងមក។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការ បានបន្តនាំខ្លួនជនសង្ស័យបានចំនួន០៣នាក់ថែមទៀតគឺ៖
១-ឈ្មោះម៉ុន វីរះ ភេទប្រុស មានទីលំនៅ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង,២-ឈ្មោះឃុត ស៊ីរ៉ាយុទ្ធ ភេទប្រុស មានទីលំនៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង,៣-ឈ្មោះសៅ ពុទ្ធិកា ភេទប្រុស មានទីលំនៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
-វត្ថុតាងដកហូតរួមមាន៖
១-ម៉ូតូចំនួន១គ្រឿងម៉ាក Kamax Super Pro ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ ពាក់ផ្លាកលេខ បាត់ដំបង 1BA-0366 (មធ្យោបាយជិះធ្វើសកម្មភាព)ដោយឡែកកាំបិតត្រូវបានគេបោះចោលក្រោយធ្វើសកម្មភាព។
បច្ចុប្បន្ននគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យនិងវត្ថុតាងមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕










