ភ្នំពេញ ៖ យោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា យោងលើតថភាពប្រឈមដ៏ស្រួចស្រាល់និងប្រកបដោយហានិភ័យ ការិយាល័យ UNODC បានកំណត់ ខ្លឹមសារនៃប្រធានបទទិវាសម្រាប់ឆ្នាំ២០២៦នេះ ដោយផ្តោតទៅលើអត្ថន័យដែលបញ្ជាក់ថា: បញ្ហាគ្រឿងញៀនលើសកលលោក គឺនៅតែជាបញ្ហាដ៏រ៉ាំរ៉ៃក្នុងសង្គម និងគួបផ្សំជាមួយបញ្ហាប្រឈមស្មុគស្មាញថ្មីៗបន្ថែមទៀត ដែលកើតមានក្នុងយុគសម័យជឿនលឿននេះ គឺតម្រូវទាមទារឱ្យប្រទេសទាំងអស់មានការឆ្លើយតបប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
ឆ្លើយតបទៅនឹងបរិបទសកលលោកដែលប្រកបទៅដោយកត្តាមិនអំណោយផលនិងបញ្ហាអសន្តិសុខយ៉ាងច្រើនអនេក និងបើទោះបីជាកម្ពុជាទទួលរងនូវការឈ្លានពានបូរណភាពទឹកដីនិងរំលោភអធិបតេយ្យជាតិពីសំណាក់ប្រទេសជិតខាងក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាក៏នៅតែចាត់ទុកបញ្ហាសន្តិសុខនិងសុវត្ថិភាពសង្គម គឺជាកត្តាកំណត់សេចក្តីសុខក្សេមក្សាន្តនិងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្តមុតស្រួចនិងបទបញ្ជាម៉ឺងម៉ាត់នានា ដើម្បីឆ្លើយតបនិងដោះស្រាយរាល់បទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសប្រពៃណីនិងមិនប្រពៃណី រួមទាំងបទឧក្រិដ្ឋគ្រឿងញៀនផងដែរ។
ដោយក្នុងនោះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានខិតខំឆ្លើយតបយ៉ាងសកម្មឈ្មុសឈ្មុល ទៅនឹងបញ្ហានេះ ដោយប្រើប្រាស់គ្រប់មធ្យោបាយ យុទ្ធវិធី និងវិធានការប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឆ្លើយតបឱ្យសមស្របទៅនឹងបរិការណ៍ពិភពលោកដែលវិវឌ្ឍដ៏សែនលឿនរហ័សខុសពីការរំពឹងទុក ជាពិសេសឈរលើ គោលការណ៍រួបរួមគ្នាពីកម្លាំងចលករគ្រប់វិស័យ ក្រោមស្មារតីក្នុងការចាត់ទុកបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទំនួលខុសត្រូវរួមរបស់សង្គមជាតិទាំងមូល៕
ដោយ ៖ សិលា










