ជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួន និងនាំមកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តព្រះសីហនុ បន្ទាប់ពីបើកបររថយន្ត មិនសហការជាមួយសមត្ថកិច្ចត្រួតពិនិត្យ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ពាក់ព័ន្ធករណីរថយន្តមួយគ្រឿងដែលត្រូវបានសមត្ថកិច្ចធ្វើការដេញតាម និងឃាត់បាននៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ករណីនេះកើតឡើងបន្ទាប់ពីសមត្ថកិច្ចទទួលព័ត៌មានសុំអន្តរាគមន៍ពីម្ចាស់រថយន្ត ដោយសង្ស័យថារថយន្តរបស់ខ្លួនត្រូវបានបុគ្គលផ្សេងយកទៅប្រើប្រាស់ ដោយបានដោះស្លាកលេខចេញ និងមិនមែនជាអ្នកជួលរថយន្តស្របច្បាប់នោះទេ ។

ក្រោយទទួលព័ត៌មាន សមត្ថកិច្ចជំនាញនៃផែនការងារព្រហ្មទណ្ឌ បានសហការជាមួយម្ចាស់រថយន្តតាមដានទីតាំង និងបានព្យាយាមឃាត់រថយន្តខាងលើដើម្បីត្រួតពិនិត្យ ។ ទោះជាយ៉ាងណា អ្នកបើកបរមិនព្រមសហការជាមួយសមត្ថកិច្ចទេ ថែមទាំងបានព្យាយាមបើករថយន្តគេចខ្លួន បង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់លេីផ្លូវសាធារណៈ ដោយបានបុកយានយន្តរបស់ប្រជាពលរដ្ឋជាច្រើនគ្រឿង និងបើកគៀរកម្លាំងសមត្ថកិច្ចថែមទៀតផង ។

ក្នុងគោលបំណងបញ្ឈប់សកម្មភាពគ្រោះថ្នាក់ និងការពារសុវត្ថិភាពសាធារណៈ សមត្ថកិច្ចបានប្រើវិធានការចាំបាច់ ដោយផ្ទុះអាវុធឡើង សំដៅបំបែកកង់រថយន្ត ប៉ុន្តែជនសង្ស័យនៅតែបន្តបើកគេចខ្លួន រហូតដល់សមត្ថកិច្ចជំនាញអន្តរាគមន៍ឃាត់បាននៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ LIN XIN ភេទប្រុស ជនជាតិចិន ត្រូវបានឃាត់ខ្លួន និងនាំមកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ។ ការត្រួតពិនិត្យជាបឋមក្នុងរថយន្ត មិនបានរកឃើញវត្ថុសង្ស័យ ឬសម្ភារៈខុសច្បាប់ណាមួយឡើយ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់សាធារណជនកុំមានការភាន់ច្រឡំ និងសូមទទួលយកព័ត៌មានពីប្រភពផ្លូវការតែប៉ុណ្ណោះ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print