រថយន្តសង្គ្រោះបន្ទាន់ស្រុកឈូក បុកម៉ូតូពេញទំហឹងលើផ្លូវជាតិលេខ ៣ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

​ខេត្តកំពត៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងរវាងរថយន្តសង្គ្រោះបន្ទាន់ និងម៉ូតូ កាល ពីវេលាម៉ោង ១២ និង ៤៥ នាទី ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ បណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋជួយអន្តរាគមន៍ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

​ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៣ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៣៣ ដែលស្ថិតនៅក្នុងភូមិឫស្សីកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកស្រុកឈូក និងម៉ូតូ១គ្រឿងទៀត ធ្វើដំណើរនៅលើដងផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង។

​នៅក្នុងគ្រោះថ្នាក់ដ៏រន្ធត់នេះ មិនមានអ្នកបាត់បង់ជីវិតឡើយ ប៉ុន្តែបានបណ្តាលឱ្យម្ចាស់ម៉ូតូ (ដែលមិនទាន់ស្គាល់អត្តសញ្ញាណ) រងរបួសធ្ងន់ដេកនៅលើទ្រូងផ្លូវ។ ភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ ព្រម ទាំងសមត្ថកិច្ចនៅក្បែរនោះ ជួយអន្តរាគមន៍លើកសង្គ្រោះ និងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត កំពត ទាំងប្រញាប់ប្រញាល់ដើម្បីសង្គ្រោះអាយុជីវិត។

​សមត្ថកិច្ចជំនាញចរាចរណ៍កំពុងធ្វើការវាស់វែងនៅ កន្លែងកើតហេតុ ព្រមទាំងយកមធ្យោបាយធ្វើដំណើរទាំងសងខាង (រថយន្តសង្គ្រោះបន្ទាន់ និងម៉ូតូ) ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីដោះស្រាយទៅតាមផ្លូវច្បាប់។

​ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ដែលមើលមិនឃើញបែបនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print