ញៀនថ្នាំដើរលួចតាំងពីត្រីងៀត ខោអាវ និងអាវភ្លៀងរហូតដល់បើកបង្អួចផ្ទះអ្នកភូមិ ទីបំផុតត្រូវកាមេរ៉ាសុវត្ថិភាពថតជាប់ឈានដល់ការចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល÷យុវជនញៀនថ្នាំម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ និងតែងតែដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកភូមិជាច្រើនលើកច្រើនសារតាំងពីត្រីងៀត ខោអាវ រហូតដល់បើកបង្អួចផ្ទះអ្នកភូមិរកលួចទ្រព្យសម្បត្តិ ត្រូវបានកម្លាំងសមត្ថកិច្ចឈានដល់ការឃាត់ខ្លួន បន្ទាប់ពីសកម្មភាពចុងក្រោយត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់។ ប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាលួចសកម្មរូបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ មិថុនា ២០២៦ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សុខជា គាសិទ្ធ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន និងស្នាក់នៅក្នុងវត្តក្រពើហា ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។ ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារព្រៃសក្នុងឆ្នាំ២០២៣ ចំនួន ១ឆ្នាំកន្លះពីបទប្រើប្រាស់សារធាតុញៀនខុសច្បាប់។ 

ចំណែកជនរងគ្រោះមានចំនួន ៤នាក់ រួមមានទី១ ឈ្មោះ ចាន់ ស៊ីណាត,ទី២ ឈ្មោះ សេន កាន,ទី៣ ឈ្មោះ ខាន់ ថែល និងទី៤ ឈ្មោះ ឆាន់ សាវ៉េត ដែលអ្នកទាំង ៤នាក់មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរបស់ជនសង្ស័យរួមមាន កូនកាំបិតដងឈើ១, កូនកាំបិតដងជ័រពណ៌បៃតង១ និងដង្កាប់ដងជ័រពណ៌ ក្រហម១។

លោកអធិការបន្តថា មុខសញ្ញារូបនេះបានធ្វើសកម្មភាពជាបន្តបន្ទាប់ ដោយកាលពីថ្ងៃទី១៤ មិថុនា ២០២៦ វេលាម៉ោង ១២ និង០០នាទី ជនសង្ស័យបានលួចយកត្រីងៀត ២គីឡូក្រាមរបស់ជនរងគ្រោះទី១ តែត្រូវម្ចាស់ទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ។

ក្រោយមកក្នុងខែដដែល ជនសង្ស័យបានលួចខោអាវ ៦កំប្លេរបស់ជនរងគ្រោះទី២ ហើយត្រូវម្ចាស់ទាន់ដកយកមកវិញ និងមិនបានប្ដឹងផ្ដល់អ្វីឡើយ។ លុះមកដល់ម៉ោង ១ និង២១នាទីរំលងអធ្រាត្រ ថ្ងៃទី២៤ មិថុនា ឆ្នាំ ២០២៦ ជនសង្ស័យបានទៅបើកបង្អួចផ្ទះជនរងគ្រោះទី៤ ក្នុងបំណងលួចទ្រព្យសម្បត្តិ តែពេលបើកទៅគ្មាន អ្វីគួរឲ្យលួច ក៏ដើរទៅកន្លែងម៉ូតូកង់បីរបស់ជនរងគ្រោះទី៣ រួចធ្វើសកម្មភាពលួចយកអាវភ្លៀង ឆ័ត្រ និងខ្សែឆ្នាំងសាកទូរស័ព្ទ រួចគេចខ្លួនបាត់។

លោកអធិការបានបញ្ជាក់ថា ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ គ្រាន់តែរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឲ្យចុះមកឆែកកាមេរ៉ាសុវត្ថិភាព។ ពេលពិនិត្យកាមេរ៉ា សមត្ថកិច្ចក៏ចំណាំមុខជនសង្ស័យបាន និងឈានទៅឃាត់ខ្លួនយកមកសួរនាំតែម្ដង។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួច និងប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះទាំងអស់ខាងលើប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print