ខេត្តកណ្តាល÷ជនសង្ស័យប្រើប្រាស់គ្រឿងញៀន២ នាក់ ឃាត់ខ្លួនបានម្នាក់ ករណីលួចមានស្ថានទម្ងន់ ទោស ជិះម៉ូតូឌុបគ្នាចូលគាស់ផ្ទះអ្នកភូមិទាំងថ្ងៃយកបានម៉ូតូបណ្តើរចេញមកក្រៅ គាប់ជួនជួបជនរងគ្រោះជាម្ចាស់ម៉ូតូ បាននាំគ្នាព្រួតចាប់បានម្នាក់ ប្រគល់ជូនសមត្ថកិច្ច ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង ១១ និង០០នាទី ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៦នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅខេត្តកណ្តាល។
លោកវរសេនីយ៏ឯក យី វណ្ណដាអធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្រេង ហុង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ ដូរ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ បាត់បង់ម៉ូតូ ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1MG-2946 – មេសោសូឡិចចំនួន ០១និងដែកដៃទ្វារផ្ទះចំនួន០១ ។
ចំណែកជនសង្ស័យមានគ្នា២នាក់ ÷១- ឈ្មោះស៊ឹម វិរៈ ភេទប្រុស អាយុ១៧ឆ្នាំ វិជ្ជមានសារធាតុញៀនស្នាក់ នៅតាមផ្លូវ៦០ម៉ែត្រក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ គ្មានមុខរបរ មិនពិត ប្រាកដ (ឃាត់ខ្លួន)និង២.មិនស្គាល់ឈ្មោះ ភេទ ប្រុសអាយុប្រហែល៣៥ឆ្នាំ ជនជាតិវៀតណាម (គេចខ្លួន)។
វត្ថុតាងចាប់យក៖ -ម៉ូតូ០១គ្រឿងម៉ាកHONDA SCOOPY – មេសោសូឡិចចំនួន០១ -ដែកដៃទ្វារផ្ទះចំនួន០១ ជារបស់ជនរងគ្រោះ យកបានមកវិញ – កាំបិតប៉័ងតោចំនួន០២ – កំណាត់ដែកថ្នាំងអំពើ០១ កំណាត់-ដែកឆាបចុងស្រួចដងជរ័ចំនួន០២ ជារបស់ជនសង្ស័យ ។
លោកអធិការបានបញ្ជាក់បន្ថែមថា នៅវេលាកើតហេតុជនរងគ្រោះបានចេញទៅយកកូនចេញពីរៀនដោយចាក់សោរទ្វារផ្ទះបានយ៉ាងត្រឹមត្រូវ ។ បន្ទាប់មកក៏មានជនសង្ស័យចំនួន០២នាក់បានជិះម៉ូតូ០១គ្រឿងម៉ាក SUZUKI SMASH ពណ៌ក្រហមលាយខ្មៅមកធ្វើ សកម្មភាពលួចគាស់ទ្វារផ្ទះរបស់ជនរងគ្រោះបណ្តាលឲ្យខូចសោរទ្វាររួចក៏ធ្វើសកម្មភាពចូលលួចយកម៉ូតូ HONDA SCOOPY បណ្តើរតាមផ្លូវចេញ មកដល់ចំណុចការ៉ាស់សាំងTOTALស្តុបក្រពើហា ភ្លាមនោះជនរងគ្រោះឃើញទាន់ ក៏ស្រែកចោរៗនាំឲ្យផ្អើលប្រជាពលរដ្ឋដេញព័ទ្ធចាប់បានជនសង្ស័យរួមទាំងវត្ថុតាងប្រគល់ជូនសមត្ថកិច្ច ឯជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូគេចខ្លួន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបាននាំគ្នាធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ជនរងគ្រោះលួចយកម៉ូតូប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕










