សារព័ត៌មាន Reuters បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកមួយបានបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើននៅភាគខាងត្បូងនៃដែនកោះមួយនេះនៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ខណៈនៅជប៉ុនឯណោះវិញ អាជ្ញាធរបានចេញការព្រមានពីគ្រោះទឹកជំនន់ និងរអិលបាក់ដី។
ព្យុះទីហ្វុង Mekkhala ដែលឥលូវបានក្លាយជាព្យុះត្រូពិក និងកំពុងស្ថិតនៅក្បែរកោះ Ryukyu នៃភាគខាងត្បូងប្រទេសជប៉ុន មិនបានបក់បោកលើតៃវ៉ាន់ដោយផ្ទាល់នោះទេ។ ប៉ុន្តែ ឥទ្ធិពលព្យុះនេះបាននាំមកជាមួយភ្លៀងធ្លាក់ខ្លាំងនៅតាមផ្នែកជាច្រើននៃកោះតៃវ៉ាន់ ជាពិសេសក្នុងទីក្រុង Kaohsiung Tainan និងទីក្រុង Pingtung ស្ថិតនៅភាគខាងត្បូង នៃដែនកោះតៃវ៉ាន់។
ក្រុមមន្ត្រីតៃវ៉ាន់ក្នុងទីក្រុងទាំង៣នេះដែលមានប្រជាជនកំពុងរស់នៅជាង ៥លាននាក់ បានបង្គាប់ឱ្យបិទការិយាល័យធ្វើការ និងសាលារៀននៅថ្ងៃសុក្រនេះ។ ចំណែក គ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក្នុងទីក្រុង Tainan បានបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់បិទដំណើរការមួយផ្នែកនៃបណ្ដាញផ្លូវដែកដ៏សំខាន់មួយតភ្ជាប់ពីភាគខាងជើងទៅភាគខាងត្បូងនៃកោះតៃវ៉ាន់។ ក្នុងពេលដំណាលគ្នា ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងក៏បានជំរុញឱ្យអាជ្ញាធរក្នុងប្រទេសជប៉ុនចេញការព្រមានពីហានិភ័យទឹកជំនន់ រអិលបាក់ដី និងការឡើងកម្រិតកម្ពស់ទឹកទន្លេនៅតាមផ្នែកជាច្រើន នៃតំបន់ភាគខាងលិច និងភាគខាងត្បូង ហើយចេញបញ្ជាជម្លៀសប្រជាជនប្រហែល ២,២លាននាក់។
អាជ្ញាធរជប៉ុនក៏បានលុបចោលជើងហោះហើរជាង ២០០ជើងផងដែរ ខណៈភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យខ្សែរថភ្លើងជាច្រើន និងផ្លូវល្បឿនលឿនមួយចំនួនត្រូវបិទដំណើរការបណ្ដោះអាសន្ន៕

រូបថត: laodong









