ភ្នំពេញ ៖ យោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ការប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់ ការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ កម្ពុជាក៏មិនអាចគេចផុត ពីផលប៉ះពាល់ទាំងនេះបានឡើយ។ ជាពិសេស បញ្ហាព្រំដែននិងភាពតានតឹង ដែលបង្កឡើងដោយប្រទេស ជិតខាងបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាពផលិតក្នុងស្រុក កសាងខ្សែច្រវាក់ផ្គត់ផ្គង់ជាតិ និងពង្រីកទីផ្សារសម្រាប់សហគ្រាសក្នុងស្រុកឱ្យកាន់តែរឹងមាំ។ ក្នុងស្ថានភាពបែបនេះ សហគ្រាស ធុនមីក្រូ តូច និងមធ្យម មិនត្រឹមតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងស្នូលក្នុង ការបង្កើតការងារ ជំរុញនវានុវត្តន៍ ពង្រឹងសន្តិសុខសេដ្ឋកិច្ច និងលើកកម្ពស់ភាពធន់របស់ប្រទេស។
នៅក្នុងសារលិខិតដដែលបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងអភិវឌ្ឍលើគ្រប់វិស័យ សំដៅឈានឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែងរបស់វិស័យឯកជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្នុងស្មារតីស្នេហាជាតិ ការងាកមកគាំទ្រផលិតផលក្នុងស្រុកគឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹង សេដ្ឋកិច្ចជាតិ ក្នុងន័យនេះ «ខ្មែរគាំទ្រផលិតផលខ្មែរ» និង «ខ្មែរធ្វើបាន» មិនមែនគ្រាន់តែជាពាក្យស្លោកទេ ប៉ុន្តែជាចលនាសេដ្ឋកិច្ចជាតិ ដែលជួយបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និង កាត់បន្ថយការពឹងផ្អែកលើការនាំចូល៕
ដោយ ៖ សិលា










