សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង​ គិតចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ​២០២៦នេះ!

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៥០០ទីតាំង ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២៦​ ក្នុង​រាជ​ធានី-ខេត្ត ដើម្បីគ្រប់គ្រង ហើយកំពុងបន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះ​បាន​បិទ​សៀល(Sealed) ចំនួនជាង ៤០០ ទីតាំង ព្រមទាំងបានដកហូតនិងព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន២៥ទីតាំង។​ នេះបេីយោង​តាមការបញ្ជាក់ពី​លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅ​កាត់ថា គ.ប.ឆ.ប. ។

សូមជម្រាបជូនថា​ សមត្ថកិច្ចកម្ពុជា​ បានដំណើរការសំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥ សំណុំរឿងស្ថិតក្នុងដំណាក់កាលជំនុំជម្រះ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ១ ៧៦១ នាក់ ខណៈជនជាប់សង្ស័យសញ្ជាតិបរទេសមានចំនួនប្រមាណ ជាង២ពាន់នាក់ មាន៣៣ សញ្ជាតិ។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានគូសបញ្ជាក់ថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីកម្ពុជា បាននិងកំពុងប្រព្រឹត្តទៅដោយភាពស្វាហាប់ និងមោះមុតបំផុត ទោះបីជាត្រូវប្រឈមនឹងភាពស្មុគស្មាញ និងឧបសគ្គជាច្រើនក្ដី។

គួរបញ្ជាក់ថា​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានប្តេជ្ញាចិត្តយ៉ាងដាច់ខាត តាមរយៈការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាកម្ទេចរាល់ទីតាំងឆបោកទាំងនេះឱ្យស្រឡះពីទឹកដីកម្ពុជា។ សម្រាប់រាជរដ្ឋាភិបាល ការធានា និងថែរក្សាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ការការពារកេរ្តិ៍ឈ្មោះនិងកិត្តិយសជាតិ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព និងរីកចម្រើន គឺជាកិច្ចការអាទិភាព និងជាទិសដៅយុទ្ធសាស្ត្រក្នុងការដឹកនាំ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print