រថយន្ត១គ្រឿងកំពុងបើកសុខៗស្រាប់តែឆ្លងចរន្តឆេះសន្ធោសន្ធៅសល់តែគ្រោងដែកនៅមុខវិមានឈ្នះឈ្នះ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត​ម៉ាកAlphard​ ​មួយ​គ្រឿង ម្ចាស់​កំពុង​តែ​បើក​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្ត​ផ្សែងហុយ​និង​បង្ក​ទៅ​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង​សល់​តែ​ដែក​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ នៅ​តាម​មហាវិថី​វិមាន​ឈ្នះ​ឈ្នះ ក្នុង​ក្រុម​ទី​១ ភូមិ​ព្រែក​រាំង សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ចំពោះ​រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​សមត្ថកិច្ច​ឱ្យដឹង​ថា ម៉ាក​Toyota Alphard ផលិត​ឆ្នាំ​២០១២ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2CK3832 បើកបរ​ដោយ ឈ្មោះ អែម វ៉ា​ន់​ណូ​ច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​អ្នកបើកបរ​រថយន្ត ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត​ចេញពី​រាជធានី​ភ្នំពេញ នៅ​ពេល​ធ្វើ​ដំណើរ​ដល់​មុខ​វិមាន​ឈ្នះ​ឈ្នះ ស្រាប់តែ​ផ្សែង​ហុយ​ចេញពី​ម៉ាស៊ីនរថយន្ត ។

ភ្លាម​ៗ​នោះ អ្នកបើកបរ​បាន​អែប​រថយន្ត​ចុះ​ចេញ ហើយ​ភ្លើង​បាន​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​ពេញបន្ទុក ដោយ​ពុំ​អាច​ទប់ស្កាត់​បាន អ្នកបើកបរ​បាន​ត្រឹមតែ​ឈរ​មើល​តែ​ប៉ុណ្ណោះ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ ។

ទោះបីជា​យ៉ាងណា​រថយន្ត​នោះ ត្រូវ​ភ្លើង​ឆាបឆេះ បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ទាំងស្រុង​សល់​តែ​ដែក​អេ​ត​ចាយ​ប៉ុណ្ណោះ ។

ទាក់ទិន​ការ​ឆាបឆេះ​នេះម្ចាស់​រថយន្ត​បានឱ្យសមត្ថកិច្ច​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យឆាបឆេះ​នេះ ដោយ​ឆ្លង​ចរន្ត​ភ្លើង​ក្នុង​កា​ប៊ិ​ន​បង្ក​ជា​អគ្គិភ័យ​តែ​ម្តង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print