ទោះបីជាមានការរំពឹងទុកថា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងបង្ហាញវត្តមានជាញឹកញាប់នៅព្រឹត្តិការណ៍ 2026 FIFA World Cup ក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ លោកមិនទាន់បានចូលរួមទស្សនាការប្រកួតណាមួយឡើយ សូម្បីតែក្រុមជម្រើសជាតិសហរដ្ឋអាមេរិកបានឈ្នះ ២ ក្នុងចំណោម ៣ ប្រកួត និងឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយរួចហើយ។
ការអវត្តមានរបស់លោកបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារកាលពីមុន លោកធ្លាប់បង្ហាញការគាំទ្រយ៉ាងច្បាស់ចំពោះការរៀបចំ World Cup នៅសហរដ្ឋអាមេរិក និងបានចូលរួមពិធីចាប់ឆ្នោតបែងចែកពូលនៅទីក្រុងវ៉ាស៊ីនតោន កាលពីខែធ្នូ ឆ្នាំ២០២៥ ជាមួយប្រធាន FIFA លោក Gianni Infantino។
លោក Trump និងលោក Infantino បានកសាងទំនាក់ទំនងជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រធាន FIFA ធ្លាប់ទៅជួបលោកទាំងនៅសេតវិមាន និងលំនៅឋាន Mar-a-Lago ក្នុងរដ្ឋ Florida។
ទោះជាយ៉ាងណា នៅការប្រកួតបើកឆាករបស់ក្រុមសហរដ្ឋអាមេរិកជាមួយប៉ារ៉ាហ្គាយ នៅទីក្រុង Los Angeles លោក Trump មិនបានចូលរួមទេ ខណៈរដ្ឋមន្ត្រីការបរទេស Marco Rubio ជាអ្នកតំណាងរដ្ឋាភិបាល។
អ្នកវិភាគនយោបាយមួយចំនួនយល់ឃើញថា លោក Trump បានផ្តល់អាទិភាពដល់ព្រឹត្តិការណ៍ UFC នៅសេតវិមាន ដែលរៀបចំឡើងដើម្បីអបអរខួបអាយុ ៨០ ឆ្នាំរបស់លោក និងខួប ២៥០ ឆ្នាំនៃការបង្កើតសហរដ្ឋអាមេរិក។
អ្នកជំនាញផ្នែកទំនាក់ទំនងនយោបាយ Federico de Jesus បានលើកឡើងថា ការមិនចូលរួមនេះមិនមែនជារឿងចម្លែកនោះទេ ព្រោះលោក Trump តែងតែជ្រើសរើសចូលរួមតែព្រឹត្តិការណ៍កីឡាធំៗ ដូចជា Super Bowl ឬការប្រកួតផ្តាច់ព្រ័ត្រ ហើយលោករំពឹងថា Trump ទំនងជានឹងបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រ World Cup។
ក្រៅពីនេះ អ្នកវិភាគខ្លះក៏ជឿថា ក្រុមការងាររបស់លោក Trump ប្រហែលជាបារម្ភពីប្រតិកម្មរបស់អ្នកទស្សនា ជាពិសេសបន្ទាប់ពីលោកត្រូវបានអ្នកគាំទ្រខ្លះហ៊ោកញ្ជ្រៀវក្នុងការប្រកួត NBA Finals កាលពីពេលថ្មីៗនេះ និងដោយសារគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលលោក។
ទោះបីមិនទាន់បានចូលរួមទស្សនាការប្រកួតណាមួយក៏ដោយ ប្រធានក្រុមការងារ World Cup របស់សេតវិមាន Andrew Giuliani បានបញ្ជាក់ថា លោក Trump អាចនឹងបង្ហាញខ្លួនមុនការប្រកួតផ្តាច់ព្រ័ត្រ ដោយនិយាយថា ប្រធានាធិបតីចូលចិត្តបង្កើតការភ្ញាក់ផ្អើល។
ជាមួយគ្នានេះ លោក Gianni Infantino ក៏បានបញ្ជាក់ថា មានគម្រោងឱ្យលោក Trump ចូលរួមការប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៩ ខែកក្កដា ក្នុងរដ្ឋ New Jersey និងធ្វើជាអ្នកប្រគល់ពានជូនក្រុមជើងឯក។
លោក Trump ក៏បានអះអាងថា លោកពិតជាបានទទួលការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍នោះផងដែរ។
ទោះជាយ៉ាងណា មន្ត្រីជិតស្និទ្ធនឹងលោក Trump បានបញ្ជាក់ថា ការមិនបានទៅទស្សនាការប្រកួតដោយផ្ទាល់ មិនមានន័យថាលោកមិនយកចិត្តទុកដាក់ចំពោះ World Cup នោះទេ ដោយលោកបានទូរស័ព្ទលើកទឹកចិត្តក្រុមជម្រើសជាតិសហរដ្ឋអាមេរិក មុនការប្រកួតបើកឆាក ហើយរដ្ឋបាលរបស់លោកក៏បន្តគាំទ្រការរៀបចំព្រឹត្តិការណ៍នេះយ៉ាងពេញទំហឹង៕










