ស្ត្រីជំនួញជនជាតិអាមេរិក Michele Kang បានក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្លិបបាល់ទាត់ Olympique Lyonnais (Lyon) បន្ទាប់ពីទិញភាគហ៊ុនចំនួន ៨៧.៧៨% ក្នុងតម្លៃប្រមាណ ៣០ លានដុល្លារអាមេរិក។
ការប្រកាសនេះត្រូវបានធ្វើឡើងដោយ Eagle Football Group (EFG) កាលពីថ្ងៃសុក្រ។
ភាគហ៊ុនដែល លោកស្រី Kang ទិញ គឺជាភាគហ៊ុនទាំងអស់ដែលកាន់កាប់ដោយក្រុមហ៊ុន Eagle Bidco ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងតាមផ្លូវតុលាការ។
ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការក្លិប Lyon លោកស្រី Kang បាននិយាយថា លោកស្រីមានមោទនភាពយ៉ាងខ្លាំងដែលការទិញនេះបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីអាជ្ញាធរហិរញ្ញវត្ថុបាល់ទាត់បារាំងអនុម័តឱ្យ Lyon បន្តលេងនៅក្របខណ្ឌ Ligue 1។
លោកស្រី Kang វ័យ ៦៧ ឆ្នាំ ដែលជាម្ចាស់ក្រុមបាល់ទាត់នារីរបស់ Lyon រួចមកហើយ បានបង្ហាញផែនការកាន់កាប់ក្លិបទៅកាន់អាជ្ញាធរកាលពីដើមសប្តាហ៍។
ជាមួយគ្នានេះ EFG ក៏បានផ្តល់ប្រាក់កម្ចីដំបូងចំនួន ៣១ លានអឺរ៉ូ ដល់ Lyon ហើយសន្យានឹងផ្តល់រហូតដល់ ៧១ លានអឺរ៉ូ បន្ថែមទៀតក្នុងរយៈពេលពីររដូវកាលខាងមុខ។
លើសពីនេះ កិច្ចព្រមព្រៀងនេះក៏រួមមានការលុបចោលបំណុលរវាង Lyon និងក្រុមហ៊ុនក្នុងបណ្តាញ Eagle Football Group ដែលមានតម្លៃជាង ២៣០ លានអឺរ៉ូ ផងដែរ។
Michele Kang ធ្លាប់ជាប្រធានក្លិប Lyon និងជាម្ចាស់ភាគហ៊ុនតិចតួច មុននឹងឡើងកាន់តំណែងជំនួស John Textor នៅខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពី Eagle Football Group ត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងពិសេស។
កាលពីរដូវកាលមុន Lyon បានឈរលេខ៤ ក្នុង Ligue 1 និងទទួលបានកៅអីទៅវគ្គជម្រុះពានរង្វាន់ UEFA Champions League។
ក្រៅពី Lyon លោកស្រី Kang ក៏ជាម្ចាស់ក្លិបបាល់ទាត់នារី Washington Spirit នៅសហរដ្ឋអាមេរិក និង London City Lionesses នៅប្រទេសអង់គ្លេសផងដែរ៕










