ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញ របស់លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបន្តចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន២ករណី រួមមាន ហ្គេមបាញ់ត្រី និងចាក់ឆ្នោតកន្ទុយលេខ ដោយបានឃាត់ខ្លួនជនពាក់ព័ន្ធសរុបចំនួន ៤នាក់ (ស្រីទាំងអស់) និងដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន ។
ក្រោយបញ្ចប់ការសាកសួរ និងដោយមានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច ជនពាក់ព័ន្ធត្រូវបានធ្វើកិច្ចសន្យាលើកទី១ និងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំបើកទីតាំង កុំរៀបចំ កុំផ្សព្វផ្សាយ និងកុំចូលរួមលេងល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះទង្វើទាំងនេះជាអំពើខុសច្បាប់ ដែលអាចប្រឈមការទទួលខុសត្រូវតាមផ្លូវច្បាប់ ។
សូមរួមគ្នាគោរពច្បាប់ និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ៕










