ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រភពថវិកាក្នុងការសាងសង់ផ្ទះសម្រាប់ពលរដ្ឋភៀសសឹកស្នាក់នៅបណ្ដោះអាសន្ន គឺផ្ទះទាំងនោះត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិការបស់ជាតិសុទ្ធសាធ មិនមែនជាការសាងសង់ដោយប្រើប្រាស់ជំនួយពីអង្គការសហប្រជាជាតិ (UN) ឬប្រទេសដទៃដូចដែលមានការលើកឡើងដោយជនអគតិមួយចំនួនឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅរាជធានីភ្នំពេញ។
នាឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា មានការផ្សព្វផ្សាយមិនត្រឹមត្រូវមួយចំនួនដែលអះអាងថា UN និងប្រទេសដៃគូបានផ្ដល់ជំនួយប្រមាណ ៥០លានដុល្លារ សម្រាប់គម្រោងសាងសង់ផ្ទះជូនពលរដ្ឋភៀសសឹក ប៉ុន្តែការលើកឡើងបែបនេះមិនត្រឹមត្រូវជាមួយការពិតឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តប្រើប្រាស់ថវិកាជាតិប្រកបដោយភាពទទួលខុសត្រូវ ក្នុងការជួយសម្រួលជីវភាព និងផ្តល់ទីជម្រកបណ្ដោះអាសន្នដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានទឹកដី ដោយឈរលើគោលការណ៍សន្តិភាព និងស្ថិរភាពជាតិ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងផងដែរថា ៖ សេដ្ឋកិច្ចបៃតង, បច្ចេកវិទ្យាឌីជីថល, និង បញ្ញាសិប្បនិម្មិត កំពុងកំណត់ឡើងវិញនូវស្តង់ដា និង របៀបប្រកួតប្រជែងនៅលើទីផ្សារតំបន់ និង សកល។ កម្ពុជានឹងចាកចេញពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ខាងមុខដែលនឹងនាំមកនូវការផ្លាស់ប្តូរលើលក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ផ្លូវការ និងភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្ត និង ដៃគូអភិវឌ្ឍ។ ស្ដង់ដាផលិតផល, ស្តង់ដាប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ស្តង់ដាប្រព័ន្ធគ្រប់គ្រងគុណភាព, ស្តង់ដាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ, និង លក្ខខណ្ឌតម្រូវនៃទីផ្សារ កំពុងក្លាយជារបាំងពាណិជ្ជកម្មស្របច្បាប់ ៕
ដោយ ៖ សិលា










