ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃ និងគ្រហស្ត៥អង្គ/នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ៥ និង ៥០ នាទីព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ចន្លោះគីឡូម៉ែត្រលេខ ៦៩និងលេខ ៧០ ស្ថិតនៅចំណុចភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ គ្រាដែលរថយន្ត ម៉ាក់Honda CR-V បើកបរដោយព្រះសង្ឃ ក្នុងល្បឿនលឿនបុករះម៉ូតូនិងត្រាក់ទ័រក្នុងទិសដៅស្របគ្នា។
តាមរបាយការណ៍បឋមរបស់មន្ត្រីនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកHonda CR-V ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-8024 បើកបរដោយ ព្រះសង្ឃ ព្រះនាម ផ្លុង សឿន អាយុ៤២ឆ្នាំ គង់ នៅវត្តឧត្តមស្រះរំដេង ផ្សិតក្នុងឃុំតាលោ ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ រួមដំណើរដោយព្រះសង្ឃមួយអង្គទៀត ក្នុងដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន។
លុះមកដល់ចំណុចកើតហេតុ បានបុកនឹងម៉ូតូ១គ្រឿង ពីក្រោយ ម៉ាក ហុងដា ធុនសេ125 ពាក់ស្លាកលេខភ្នំពេញ 1 FU.9973 បើកបរដោយឈ្មោះ ជា រដ្ឋា ភេទប្រុសអាយុ 22 ឆ្នាំរស់នៅភូមិទឹកហូត ឃុំទឹកហូត.ស្រុករលាប្អៀរ មានឌុបមនុស្ស២នាក់ ក្នុងដំណើរស្របទៅគ្នា បណ្ដាលឱ្យម៉ូតូធ្លាក់ប្រឡាយគ្មានទឹក។ ក្រោយបុកម៉ូតូ រថយន្តបើកបរដោយព្រះសង្ឃ បានជ្រុលទៅបុកនឹងត្រាក់ទ័រ១គ្រឿងទៀត ដែលបើកបរដោយ ឈ្មោះ សេង ឡាត់ ភេទប្រុសអាយុ ២៥ ឆ្នាំ រស់នៅភូមិគោកបន្ទាយឃុំគោកបន្ទាយស្រុករលាប្អៀរ ។
ក្នុងហេតុការណ៍នោះបណ្ដាលឲ្យ មនុស្ស៥នាក់ ក្នុងនោះ ព្រះសង្ឃ ២ អង្គបាន រងរបួសធ្ងន់និងស្រាល ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ។ ដោយឡែកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលទូកយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី។
អ្វីដែល អ្នកចូលរួមជួយសង្គ្រោះបឋម ក៏ដូចជាអ្នកចោមរោមមើលបាន ចាប់អារម្មណ៍នោះ គឺបានឃើញនៅក្នុងរថយន្តដែលបើកបរដោយព្រះសង្ឃ មានកំប៉ុងស្រាបៀរជាច្រើនកំប៉ុង ក្នុងនោះមួយកំប៉ុងនៅជិតដៃចង្កូតរថយន្ត ៕










