មកដឹងពីព័ត៌មានលម្អិតអំពីក្រុមជម្រើសជាតិ កុងហ្គោ ដែលជាគូប្រកួតរបស់ក្រុមជម្រើសជាតិ អង់គ្លេស ក្នុងវគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup។
តើគេអាចរំពឹងអ្វីខ្លះពីក្រុម កុងហ្គោ?
៥២ ឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងដ៏ឈឺចាប់ក្នុងព្រឹត្តិការណ៍ World Cup ពេលនេះក្រុម កុងហ្គោ បានស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញ តាមរយៈការទម្លុះទម្លាយចូលមកដល់វគ្គខកណោត (Knockout stage) ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ។
កាលពីឆ្នាំ ១៩៧៤ នៅពេលដែលក្រុមនេះនៅប្រើឈ្មោះថា ហ្សារីល (Zaire) ពួកគេបានចាញ់ទាំង ៣ ប្រកួតក្នុងវគ្គចែកពូល រួមទាំងការចាញ់យ៉ាងចាស់ដៃក្រោមថ្វីជើងក្រុម យូហ្គោស្លាវី ក្នុងលទ្ធផល ៩-០ ផងដែរ។ ពួកគេមិនដែលបានកក់កៅអីមកលេង World Cup ម្តងណាឡើយចាប់តាំងពីពេលនោះមក រហូតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Sebastien Desabre ដែលបានផ្លាស់ប្តូរមុខមាត់ក្រុមមួយនេះទាំងស្រុងពីស្ថានភាពវិបត្តិ កាលពីពេលដែលលោកមកដឹកនាំដំបូងជិត ៤ ឆ្នាំមុន។
លោកបានដឹកនាំក្រុមមួយនេះទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងពានរង្វាន់ Africa Cup of Nations ឆ្នាំ ២០២៣ ព្រមទាំងបានបណ្តុះវិន័យ និងយុទ្ធសាស្ត្រលេងយ៉ាងច្បាស់លាស់។
ទម្រង់ការពារ ៥ នាក់ (Back five) ត្រូវបានយកមកសាកល្បងភ្លាមៗមុនព្រឹត្តិការណ៍ World Cup ចាប់ផ្តើម និងត្រូវបានបន្តប្រើប្រាស់សម្រាប់ការប្រកួតពីរលើកដំបូងក្នុងពានរង្វាន់នេះ ដែលរួមមានទាំងការប្រកួតស្មើជាមួយ ព័រទុយហ្គាល់ ផងដែរ មុនពេលពួកគេប្តូរមកប្រើទម្រង់ ៤-៤-២ ដើម្បីយកឈ្នះ អ៊ូសបេគីស្ថាន។
តើអ្វីជាចំណុចខ្លាំងរបស់ កុងហ្គោ?
ភាពរឹងមាំនៃតំបន់ការពារ គឺជាគ្រឹះនៃការអភិវឌ្ឍរបស់ពួកគេ ដែលស្តែងឱ្យឃើញតាមរយៈការរក្សាសំណាញ់ទីមិនឱ្យគូប្រកួតទាត់ចូល (Clean sheets) បានចំនួន ២៩ ដង ក្នុងការប្រកួត ៥៧ លើក ក្រោមការដឹកនាំរបស់លោក Desabre។ ចាប់តាំងពីលោកមកគ្រប់គ្រង ក្រុម DR Congo មិនដែលចាញ់គូប្រកួតលើសពី ១ គ្រាប់ឡើយ នៅពេលដែលពួកគេមានវត្តមានកីឡាករលេងនៅតំបន់អឺរ៉ុបនៅក្នុងក្រុម។
ការវាយបកយ៉ាងរហ័ស (Swift counter-attacks) ដោយប្រើប្រាស់សមត្ថភាពរបស់ខ្សែប្រយុទ្ធ សេដ្រិក បាកំប៊ូ (Cedric Bakambu) និង យ៉ូអាន វីសា (Yoane Wissa) ក្នុងការរត់ទម្លុះ និងបង្កើតឱកាសនៅពីក្រោយខ្សែការពារគូប្រកួត។
ភាពរឹងមាំផ្នែកស្មារតី ដែលជាចំណុចខ្វះខាតកាលពីអតីតកាល ត្រូវបានពត់ក្នុងអំឡុងពេលយុទ្ធនាការជម្រុះដ៏វែងឆ្ងាយ ដែលរួមមានទាំងការប្រកួតវគ្គ Play-off ដល់ទៅ ៣ ប្រកួត។
ចុះចំណែកឯចំណុចខ្សោយរបស់ពួកគេវិញ?
ក្រុម កុងហ្គោ កម្រនឹងបានជួបប្រកួតជាមួយក្រុមដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ២០ ណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើកលែងតែ សេណេហ្គាល់ និង ម៉ារ៉ុក ប៉ុណ្ណោះ ហើយពួកគេមានប្រវត្តិប្រកួតមិនសូវល្អឡើយពេលជួបក្រុមទាំងពីរនេះ។
ម្យ៉ាងវិញទៀត ដោយសារកីឡាករជម្រើសដំបូងភាគច្រើនរបស់ក្រុមជម្រើសជាតិ បានជួបការលំបាកក្នុងការស្វែងរកឱកាសចូលលេងឱ្យក្លិបរបស់ពួកគេក្នុងរដូវកាល ២០២៥-២៦ នេះ កត្តាកាយសម្បទា និងគុណភាពលេង គឺជាក្តីបារម្ភចម្បងមួយរបស់ក្រុម៕










