យន្តហោះខ្នាតតូច១គ្រឿង បានហោះ បុកអគារខ្ពស់បំផុតក្នុងទីក្រុងប៉េកាំង ដែលបានធ្វើឱ្យអ្នកបើកស្លាប់ និងមនុស្ស១៣នាក់ផ្សេងទៀតរបួស

ចែករំលែក៖

សារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានផ្សាយថា យន្តហោះខ្នាតតូច១គ្រឿង បានហោះទៅបុកអគារមានកម្ពស់ខ្ពស់ជាងគេប្រចាំរដ្ឋធានីប៉េកាំងនៃប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បណ្តាលឱ្យអ្នកបើកម្នាក់បាត់បង់ជីវិត ហើយមនុស្ស១៣នាក់ផ្សេងទៀត ដែលមិនស្ថិតនៅលើយន្តហោះ បានទទួលរងរបួស ក្នុងឧប្បត្តិហេតុកម្រមួយ។
កាលពីថ្ងៃសៅរ៍ រដ្ឋបាលតំបន់ Chaoyang នៃទីក្រុងប៉េកាំង បានឱ្យដឹងថា អ្នកទាំងប៉ុន្មានដែលរងរបួស កំពុងទទួលការព្យាបាល ហើយអាជ្ញាធរពាក់ព័ន្ធកំពុងស៉ើបអង្កេតឧប្បត្តិហេតុនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលតំបន់ Chaoyang យន្តហោះខ្នាតតូច១គ្រឿង អាចជិះបាន២នាក់ បានហោះទៅបុកអគារខ្ពស់មួយកន្លែង ពេលកំពុងហោះក្បែរផ្នែកខាងកើតនៃផ្លូវក្រវាត់ក្រុងទី៣ ក្នុងតំបន់ Chaoyang កាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២៦ ខែមិថុនា។ នៅលើយន្តហោះ មានតែមនុស្សម្នាក់ប៉ុណ្ណោះ គឺអ្នកបើកបរ ដែលបានបាត់បង់ជីវិត។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ ពុំបានផ្តល់ព័ត៌មានលម្អិតជាងនេះទៀតទេ។
អគារដែលត្រូវយន្តហោះបុក គឺជាអគារមួយកម្ពស់៥២៨ម៉ែត្រ ត្រូវគេស្គាល់ថាជា អគារ CITIC Tower ឬ China Zun ដែលស្ថិតក្នុងតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុងប៉េកាំង ចម្ងាយប្រហែល៦គីឡូម៉ែត្រ ពីតំបន់រាជវាំងបុរាណចិន Forbidden City ដែលមានភ្ញៀវទេសចរទស្សនារាប់ពាន់នាក់ ក្នុងមួយថ្ងៃៗ ហើយវាក៏ស្ថិតនៅក្បែរតំបន់ Zhongnanhai ផងដែរ ជាទីកន្លែងប្រមូលផ្តុំការិយាល័យរបស់ថ្នាក់ដឹកនាំនយោបាយកំពូលនៃប្រទេសចិន។
លើកចុងក្រោយដែលមានករណីគ្រោះថ្នាក់យន្តហោះកន្លងមកនៅទីក្រុងប៉េកាំង គឺកាលពីឆ្នាំ២០២២ នៅពេលឧទ្ធម្ភាគចក្រទេសចរណ៍១គ្រឿង បានធ្លាក់អំឡុងពេលធ្វើដំណើររវាងតំបន់ Changping និង Fangshan ដែលបានផ្តាច់ជីវិតអ្នកបើកបរ២នាក់៕

...

រូប​ថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print