ក្រុមកីឡាករជម្រើសជាតិអង់គ្លេស នឹងត្រូវបែងចែកប្រាក់រង្វាន់លើទឹកចិត្តដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ១៥ លានផោន (ប្រហែល ១៩ លានដុល្លារ) ប្រសិនបើពួកគេអាចនាំយកពានរង្វាន់ World Cup ត្រឡប់ទៅផ្ទះវិញ។
ប្រធានក្រុម Harry Kane ស្ថិតក្នុងចំណោមកីឡាករដែលបានចរចាលើកញ្ចប់ប្រាក់រង្វាន់បំបែកកំណត់ត្រានេះ មុនពេលព្រឹត្តិការណ៍ចាប់ផ្តើម ដែលជាពានរង្វាន់ដែលក្រុមតោខៀវទាំងបី (Three Lions) មិនដែលបានឈ្នះសោះចាប់តាំងពីឆ្នាំ ១៩៦៦ មក។ ក្រៅពីមេដាយមាសជើងឯក និងការលើកពានរង្វាន់មាសដ៏មានតម្លៃហើយនោះ សមាជិកក្រុមទាំង ២៦ នាក់ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥៧៧.០០០ ផោន ក្នុងម្នាក់ៗ។
កញ្ចប់ថវិកាសរុប ១៥ លានផោននេះ មានការកើនឡើងយ៉ាងខ្លាំងរហូតដល់ ៧ លានផោន បើធៀបនឹងអ្វីដែលកីឡាករនឹងទទួលបាន ប្រសិនបើពួកគេឈ្នះកាលពី World Cup ឆ្នាំ ២០២២ ដែលកាលនោះក្រុមអង់គ្លេសត្រូវបានទម្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយដោយក្រុមបារាំង។
ការកើនឡើងនៃកញ្ចប់ប្រាក់រង្វាន់សម្រាប់កីឡាករនេះ ត្រូវបានព្រមព្រៀងគ្នា បន្ទាប់ពីសមាគមបាល់ទាត់អង់គ្លេស (FA) បានដឹងថាខ្លួននឹងទទួលបានប្រាក់ចំណូលបំបែកកំណត់ត្រាពីការឈ្នះពានរង្វាន់នេះ។
ស្ថាប័ន FIFA បានយល់ព្រមទូទាត់ប្រាក់ចំនួន ៣៨ លានផោន ជូនដល់ក្រុមជើងឯក — ច្រើនជាងទឹកប្រាក់ ៣២ លានផោន ដែលបានប្រគល់ជូនក្រុមអាហ្សង់ទីនកាលពី ៤ ឆ្នាំមុន។ ប្រភពជិតស្និទ្ធនឹង FA បានបញ្ជាក់ថា ការស្នើឡើងនូវការទូទាត់នេះ គឺមានការផ្សារភ្ជាប់ទៅនឹងចំនួនទឹកប្រាក់ដែលសមាគមនឹងទទួលបាន។
ចំណែកឯគ្រូបង្វឹកលោក Thomas Tuchel ក៏នឹងទទួលបានប្រាក់បូណឺសចំនួន ៣ លានផោនបន្ថែមទៀត ពីលើប្រាក់ខែចំនួន ៥ លានផោនរបស់លោក ប្រសិនបើលោកអាចដើរតាមគន្លងរបស់លោក Sir Alf Ramsey និងដឹកនាំអង់គ្លេសឱ្យក្លាយជាជើងឯកពិភពលោក។
ការកើនឡើងផ្នែកហិរញ្ញវត្ថុនេះ បានធ្វើឱ្យអង់គ្លេសខិតទៅជិតក្រុមគូប្រជែងអន្តរជាតិមួយចំនួន ដែលផ្តល់ប្រាក់រង្វាន់ឈ្នះការប្រកួតច្រើនជាងក្រុមតោកំណាចអង់គេ្លស។
ប្រេស៊ីល កំពុងផ្តល់ប្រាក់រង្វាន់ចំនួន ៧៦០.០០០ ផោនក្នុងកីឡាករម្នាក់សម្រាប់ការឈ្នះពានរង្វាន់ World Cup លើកទី៦ របស់ប្រទេសនេះ — ដែលត្រូវបានគេយល់ថាជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ។ ទឹកប្រាក់ដ៏ច្រើននេះ គឺដោយសារតែប្រទេសនេះមានកិច្ចសន្យាឧបត្ថម្ភដ៏ធំសម្បើមតម្លៃ ៧៥ លានផោនក្នុងមួយឆ្នាំជាមួយក្រុមហ៊ុន Nike។
ដោយឡែក ក្រុមកីឡាករឆ្នើមរបស់អង់គ្លេសក៏ទទួលបានម្នាក់ៗ ២.០០០ ផោនផងដែរសម្រាប់ការចូលរួមប្រកួតក្នុងមួយប្រកួត — ប៉ុន្តែទឹកប្រាក់នេះត្រូវបានបរិច្ចាគទៅឱ្យអង្គការសប្បុរសធម៌ផ្សេងៗ។
សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា កីឡាករត្រូវបែងចែកកញ្ចប់ថវិការង្វាន់ ៨ លានផោន ប្រសិនបើពួកគេឈ្នះ។ នៅក្នុងព្រឹត្តិការណ៍ Euros ឆ្នាំ ២០២៤ នៅប្រទេសអាល្លឺម៉ង់ កីឡាករអង់គ្លេសត្រូវបានកំណត់ថានឹងទទួលបានប្រាក់រង្វាន់ ១៣ លានផោន ប៉ុន្តែបានធ្លាក់នៅដំណាក់កាលចុងក្រោយ។ ពួកគេម្នាក់ៗជិតនឹងទទួលបានទឹកប្រាក់ ៥០០.០០០ ផោនទៅហើយ ប្រសិនបើពួកគេលើកពានជំនួសឱ្យអេស្ប៉ាញ ដែលបានយកឈ្នះក្រុមអង់គ្លេស២-១។
ប្រាក់រង្វាន់ដែលអាចទទួលបានចំនួន ៣ លានផោនរបស់លោក Tuchel រួមជាមួយប្រាក់ខែរបស់លោក មានន័យថាលោកនឹងរកចំណូលបាន ១០.៥ លានផោនក្នុងរយៈពេល ១៨ ខែ ប្រសិនបើលោកឈ្នះពានរង្វាន់ World Cup។ ប្រាក់រង្វាន់របស់លោក គឺទាបជាងអ្នកកាន់តំណែងមុនគឺលោក Gareth Southgate ចំនួន ១ លានផោន — ដែលកាលនោះត្រូវបានផ្តល់ការលើកទឹកចិត្តចំនួន ៤ លានផោនដើម្បីឈ្នះ World Cup ឆ្នាំ ២០២២ ឬ Euro 2024។
ទោះជាយ៉ាងណាក៏ដោយ ប្រាក់ខែ ៥ លានផោនក្នុងមួយឆ្នាំរបស់លោក Tuchel គឺច្រើនជាងទ្វេរដងនៃប្រាក់ខែ ២.៥ លានផោនក្នុងមួយឆ្នាំរបស់លោក Southgate។
ចាប់តាំងពីឆ្នាំ ២០០៧ មក រាល់ប្រាក់កម្រៃនៃការប្រកួតរបស់កីឡាករទាំងអស់ ត្រូវបានបរិច្ចាគទៅឱ្យសប្បុរសធម៌តាមរយៈមូលនិធិ England Football Foundation៕










