ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៧និង៣០នាទីព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលបណ្តឹងពីម្តាយជនរងគ្រោះ មានករណីរំលោភសេពសន្ថវៈ ស្ថានទម្ងន់ទោស មួយកើតឡើង ទៅលើជនរងគ្រោះភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ នន ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ (ត្រូវជាបងជីដូនមួយបង្កើត) រស់នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ សរុបចំនួន០៣លើក នៅលើផ្ទះជនសង្ស័យ ក្រុមទី១៦ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្រោយទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ នន ចាន់ នៅថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៤០នាទីព្រឹក នាំមកកាន់ អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការសាក សួរ។ ក្រោយពីបានសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ សរុបចំនួន០៣លើក ពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកមោងឫស្សី កំពុងកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕










