គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល Carlo Ancelotti បានបង្ហាញក្តីសង្ឃឹមថា ខ្សែប្រយុទ្ធ Neymar នឹងអាចបង្ហាញខ្លួនបានរយៈពេលច្រើនជាងមុន ក្នុងជំនួបវគ្គ 32 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026 ទល់នឹងជប៉ុន នាថ្ងៃចន្ទ នៅទីក្រុង Houston។
Neymar កំពុងស្ដារកាយសម្បទាពីរបួសសាច់ដុំកំភួនជើង ហើយបានចូលលេងជាង 15 នាទីប៉ុណ្ណោះ ក្នុងជ័យជម្នះ 3-0 លើស្កុតឡែន កាលពីប្រកួតចុងក្រោយ។
លោក Ancelotti បាននិយាយថា៖ «ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ Neymar មានការរីកចម្រើនយ៉ាងខ្លាំង។ កាលពីមុនគាត់មិនអាចលេងលើសពី 15 នាទីបានទេ ប៉ុន្តែពេលនេះគាត់មានស្ថានភាពល្អគ្រប់គ្រាន់សម្រាប់ការលេងបានយូរជាងមុន»។
លោកក៏បានរំលឹកដល់ការប្រកួតមិត្តភាពកាលពីខែតុលា ឆ្នាំមុន ដែលជប៉ុនបានយកឈ្នះប្រេស៊ីល 3-2 នៅទីក្រុងតូក្យូ ដោយចាត់ទុកថា ជាបទពិសោធន៍ដ៏មានតម្លៃក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតលើកនេះ។
គាត់បានថ្លែងថា «យើងដឹងថា ជប៉ុនជាក្រុមដ៏ខ្លាំងមួយនៅលើពិភពលោក។ យើងគោរពពួកគេយ៉ាងខ្លាំង ហើយនឹងត្រៀមខ្លួនសម្រាប់ការប្រកួតនេះដូចជាវគ្គផ្តាច់ព្រ័ត្រ ព្រោះសម្រាប់យើង វាគឺជាការប្រកួតដែលមិនអាចចាញ់បាន»។
គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ បានបន្ថែមថា ក្រុមរបស់លោកត្រូវតែត្រៀមខ្លួនសម្រាប់គ្រប់ស្ថានការណ៍ រួមទាំងការលេងម៉ោងបន្ថែម និងការកាត់សេចក្តីដោយបាល់ប៉េណាល់ទី។
គាត់បានបញ្ជាក់ថា «ក្រុមមានការត្រៀមខ្លួនរួចរាល់ មានទឹកចិត្ត និងមានទំនុកចិត្ត។ ប៉ុន្តែគ្រប់ការប្រកួតនៅវគ្គនេះសុទ្ធតែពិបាកទាំងអស់»។
ការប្រកួតនឹងចាប់ផ្តើមនៅម៉ោងថ្ងៃត្រង់តាមម៉ោងទីក្រុង Houston ដែលជាពេលវេលាដែលប្រេស៊ីលមិនទាន់ធ្លាប់ប្រកួតក្នុងព្រឹត្តិការណ៍នេះ។ ទោះជាយ៉ាងណា Ancelotti មិនបារម្ភឡើយ ដោយបញ្ជាក់ថា ក្រុមរបស់លោកតែងតែហ្វឹកហាត់នៅពេលវេលាបែបនេះ។
ជាចុងក្រោយ លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ លោកមិនទាន់ឃើញក្រុមណាមួយដែលអាចចាត់ទុកថាជាបេក្ខភាពដាច់ខាតសម្រាប់ឈ្នះជើងឯក World Cup នោះទេ។
គាត់បានលើកឡើងថា «ប្រហែលជាមានក្រុមខ្លះធ្វើបានល្អជាងគេនៅវគ្គចែកពូល ប៉ុន្តែខ្ញុំមិនទាន់ឃើញក្រុមណាមួយជាបេក្ខភាពច្បាស់លាស់សម្រាប់លើកពានឡើយ។ ការប្រកួតនេះនឹងមានការប្រជែងយ៉ាងស្វិតស្វាញ និងមានតុល្យភាពខ្លាំង»៕










