កាណាដា ទម្លាក់អាហ្វ្រិកខាងត្បូង ឡើងវគ្គ 16 ក្រុមចុងក្រោយ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះរួម កាណាដា បានបង្កើតប្រវត្តិសាស្ត្រថ្មី ក្រោយយកឈ្នះ អាហ្វ្រិកខាងត្បូង 1-0 ដោយគ្រាប់បាល់ចុងម៉ោងរបស់ Stephen Eustaquio ក្នុងនាទីទី 90+2 កក់កៅអីឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup 2026 ជាលើកដំបូង។

ការប្រកួតនៅទីក្រុង Los Angeles មានឱកាសស៊ុតច្បាស់ៗមិនច្រើន ហើយមើលទៅនឹងត្រូវបន្តដល់ម៉ោងបន្ថែម ប៉ុន្តែ Eustaquio បានស៊ុតបាល់ទាបពីក្រៅតំបន់គ្រោះថ្នាក់យ៉ាងល្អ បំប៉ោងសំណាញ់ទីនៅម៉ោងបន្ថែម ដើម្បីផ្តល់ជ័យជម្នះដ៏មានតម្លៃឱ្យកាណាដា។

មុនការប្រកួត World Cup ឆ្នាំនេះ កាណាដាបានចាញ់ទាំង 6 ប្រកួត នៅក្នុងប្រវត្តិសាស្ត្រការប្រកួត World Cup ប៉ុន្តែពួកគេបានផ្លាស់ប្តូរមុខមាត់យ៉ាងអស្ចារ្យ ដោយធ្លាប់យកឈ្នះកាតា 6-0 ក្នុងវគ្គចែកពូល និងឥឡូវនេះក្លាយជាក្រុមដំបូងដែលបានកក់កៅអីទៅវគ្គ 16 ក្រុមចុងក្រោយ។ ពួកគេនឹងត្រូវជួប ហូឡង់ ឬ ម៉ារ៉ុក នៅទីក្រុង Houston នាថ្ងៃទី 4 ខែកក្កដា។

ក្រោយចប់ការប្រកួត គ្រូបង្វឹក Jesse Marsch បានប្រាប់កូនក្រុមក្នុងរង្វង់ប្រជុំថា៖ «អ្នកទាំងអស់គ្នាគឺជាវីរបុរសរបស់ប្រទេសកាណាដា។ អនាគតនៃបាល់ទាត់នៅប្រទេសនេះនឹងរីកចម្រើនដោយសារតែអ្នកទាំងអស់គ្នា»។

សម្រាប់អាហ្វ្រិកខាងត្បូង ដែលបានបញ្ចប់លេខ 2 ក្នុងពូល A បានបង្ហាញទម្រង់លេងមិនសូវល្អ ដោយមានការស៊ុតចំគោលដៅតែ មួយលើកប៉ុណ្ណោះ ហើយហាក់ដូចជាចង់អូសការប្រកួតទៅម៉ោងបន្ថែម មុននឹងរងការខកចិត្តនៅនាទីចុងក្រោយ។

កាណាដាមានឱកាសជាច្រើនក្នុងការរកគ្រាប់បាល់ ដោយបាល់តែតរបស់ Moise Bombito ត្រូវបានសង្គ្រោះពីលើបន្ទាត់ទី ខណៈ Jonathan David និង Promise David ក៏ខកខានឱកាសសំខាន់ៗផងដែរ បន្ទាប់ពី Alphonso Davies ត្រូវបានប្តូរចូលលេង។

ជារួម កាណាដាបានស៊ុតចំគោលដៅដល់ទៅ 7 លើក និងសមនឹងទទួលបានជ័យជម្នះ ដែលជួយឱ្យពួកគេបន្តដំណើរនៅ World Cup ខណៈអាហ្វ្រិកខាងត្បូងត្រូវបញ្ចប់យុទ្ធនាការត្រឹមវគ្គ 32 ក្រុមចុងក្រោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print