ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងបានបញ្ចប់ក្តីសង្ឃឹមក្នុងការឡើងទៅវគ្គ 32 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីលទ្ធផលការប្រកួតនៅពូល A មិនអំណោយផល។ ទោះបីប្រមូលបាន 3 ពិន្ទុក៏ដោយ វាមិនគ្រប់គ្រាន់សម្រាប់ការឈានទៅវគ្គបន្ទាប់ឡើយ។
ការបរាជ័យនេះបានបញ្ចប់យុទ្ធនាការដ៏ខកចិត្តមួយ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនបាត់បង់ជំនឿលើលោក Hong Myung-bo ដែលជាវីរបុរសបាល់ទាត់កូរ៉េខាងត្បូង និងជាអតីតប្រធានក្រុមដែលធ្លាប់ដឹកនាំប្រទេសឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2002។ ក្រោយការធ្លាក់ចេញពីការប្រកួត លោកបានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកភ្លាមៗ។
នៅឆ្នាំ 2002 លោក Hong បានដឹកនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូងបង្កើតប្រវត្តិសាស្ត្រ ដោយទម្លាក់ក្រុមខ្លាំងៗដូចជា ព័រទុយហ្គាល់ ប៉ូឡូញ អ៊ីតាលី និងអេស្ប៉ាញ មុនឈានដល់វគ្គ 4 ក្រុមចុងក្រោយ ក្រោមការគាំទ្រយ៉ាងកក្រើកពីប្រជាពលរដ្ឋទូទាំងប្រទេស។
ប៉ុន្តែភាពល្បីល្បាញនោះបានរសាត់បាត់ទៅ។ ក្នុងអាណត្តិដំបូងជាគ្រូបង្វឹក World Cup ឆ្នាំ 2014 លោកធ្លាប់ត្រូវអ្នកគាំទ្រគប់ស្ករគ្រាប់ដាក់ ពេលត្រឡប់មកប្រទេសវិញ បន្ទាប់ពីក្រុមធ្លាក់ចេញត្រឹមវគ្គចែកពូល។ លើកនេះ ការរិះគន់កាន់តែខ្លាំង បន្ទាប់ពីកូរ៉េខាងត្បូងឈ្នះត្រឹមការប្រកួតបើកឆាកជាមួយសាធារណរដ្ឋឆេក មុនបរាជ័យជាបន្តបន្ទាប់ក្រោមថ្វីជើងម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung ក៏បានរិះគន់ការដឹកនាំរបស់លោក Hong និងសហព័ន្ធបាល់ទាត់កូរ៉េផងដែរ ខណៈអ្នកគាំទ្របានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការគ្រប់គ្រងក្រុមជម្រើសជាតិ។
លោក Hong បានវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកាលពីខែកក្កដា ឆ្នាំ 2024 ជំនួសលោក Jurgen Klinsmann ទោះបីធ្លាប់ដឹកនាំក្លិប Ulsan Hyundai ឈ្នះជើងឯក K-League ពីររដូវកាលជាប់គ្នាក៏ដោយ។ ប៉ុន្តែការជ្រើសរើសកីឡាករ និងយុទ្ធសាស្ត្ររបស់លោកនៅ World Cup ត្រូវបានរិះគន់យ៉ាងខ្លាំង ជាពិសេសការដាក់ Son Heung-min ជាកីឡាករបម្រុងក្នុងការប្រកួតសំខាន់ជាមួយអាហ្វ្រិកខាងត្បូង និងការប្រើប្រាស់ Lee Kang-in ដែលមិនទទួលបានលទ្ធផលល្អ។
តាមសេចក្តីរាយការណ៍ក្រុមជម្រើសជាតិកូរ៉េខាងត្បូងនឹងត្រឡប់មកប្រទេសវិញនៅថ្ងៃអង្គារ ដោយគ្មានពិធីស្វាគមន៍នៅអាកាសយានដ្ឋាន Incheon ដូចធម្មតាទេ ដែលជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ។
ការចាកចេញរបស់លោក Hong ក៏ត្រូវបានគេចាត់ទុកថា ជាការបិទបញ្ចប់យុគសម័យដ៏ខកចិត្តមួយសម្រាប់បាល់ទាត់កូរ៉េខាងត្បូង៕










