ដើម្បីទប់ស្កាត់​ការបំពុលដល់បរិស្ថានធនធានធម្មជាតិយូរអង្វែង និងប្រឈមហានិភ័យដល់សុខភាពមនុស្ស​ កម្ពុជា បន្តហាមឃាត់ការនាំចូល«សំណល់អេឡិចត្រូនិក»

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីទប់ស្កាត់​ការការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈរបស់ប្រទេស ពីការបំពុលក្នុងរយៈពេលវែង​ កម្ពុជា នៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ។ ជាក់ស្ដែង​ក្នុងសំណល់អេឡិចត្រូនិកនោះ រួមមាន៖​ ឧបករណ៍អេឡិចត្រូនិកដែលហួសសម័យ និងត្រូវបានបោះបង់ចោល ដូចជា៖ កុំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទដៃ ម៉ាស៊ីនបោះពុម្ព ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ថ្ម និងឧបករណ៍អគ្គិសនីផ្សេងៗទៀត។

បើតាមមន្រ្តីក្រសួងជំនាញ បានបញ្ជាក់ថា​ ទោះបីជាសម្ភារៈមានតម្លៃមួយចំនួនអាចទាញយកបានពីសំណល់អេឡិចត្រូនិកក៏ដោយ ក៏មានតែប្រហែល ៩ ភាគរយប៉ុណ្ណោះនៃសមាសធាតុរបស់វា ដែលជាទូទៅអាចកែច្នៃឡើងវិញដើម្បីចំណេញផ្នែកសេដ្ឋកិច្ច។ សម្ភារៈដែលនៅសេសសល់តម្រូវឱ្យមានការកែច្នៃកម្រិតខ្ពស់ បច្ចេកវិទ្យាកែច្នៃជំនាញ និងការបោះចោលប្រកបដោយបរិស្ថានល្អ ដែលកិច្ចការទាំងអស់នេះមានតម្លៃថ្លៃ និងទាមទារបច្ចេកទេសខ្ពស់។

ការចាត់ចែងសំណល់អេឡិចត្រូនិកមិនបានត្រឹមត្រូវ អាចបញ្ចេញសារធាតុគ្រោះថ្នាក់ទៅក្នុងដី ទឹកក្រោមដី ទន្លេ និងបរិយាកាស ដែលបង្កឱ្យមានការបំពុលបរិស្ថានយូរអង្វែង និងប្រឈមនឹងហានិភ័យដល់សុខភាពមនុស្ស។ នៅពេលដែលការបំពុលកើតឡើង ការស្តារឡើងវិញច្រើនតែមានតម្លៃថ្លៃ ហើយក្នុងករណីខ្លះ ការខូចខាតប្រហែលជាមិនអាចកែប្រែបានឡើយ។

ក្រសួងបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជានឹងមិនអនុញ្ញាតឱ្យប្រទេសនេះ ក្លាយជាគោលដៅសម្រាប់សំណល់អេឡិចត្រូនិកពីបរទេសនោះទេ ហើយនឹងបន្តអនុវត្តច្បាប់ហាមឃាត់ការនាំចូលខុសច្បាប់នេះ។

បន្ថែមពីនេះ​ ក្រសួងក៏បានទទួលស្គាល់ថា សំណល់អេឡិចត្រូនិកដែលបង្កើតឡើងនៅក្នុងស្រុកកំពុងមានការកើនឡើង ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាកាន់តែរីកចម្រើន។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិពិសេសមួយកំពុងត្រូវបានពិចារណា ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការប្រមូល គ្រប់គ្រង និងកែច្នៃសំណល់អេឡិចត្រូនិកក្នុងស្រុកឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិ ដើម្បីធានាថា សំណល់អេឡិចត្រូនិកដែលបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ចែងដោយសុវត្ថិភាព ព្រមទាំងកាត់បន្ថយហានិភ័យដល់បរិស្ថានឱ្យនៅកម្រិតទាបបំផុត។

ជាមួយគ្នានេះ​ ក្រសួងក៏បានលើកឡើងថា ការទប់ស្កាត់ការបំពុល នៅតែជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារបរិស្ថានស្អាតរបស់កម្ពុជា និងការពារធនធានធម្មជាតិរបស់ប្រទេសសម្រាប់ជំនាន់ក្រោយៗទៀត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print