ខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញ Robert Lewandowski បានចាកចេញពី Barcelona មកចូលរួមជាមួយក្លិប Chicago Fire នៃក្របខណ្ឌ Major League Soccer (MLS) ជាផ្លូវការ ដោយចុះកិច្ចសន្យារហូតដល់ចប់រដូវកាល 2027-28។
Chicago Fire បានបញ្ជាក់ថា Lewandowski នឹងមានកូតាកីឡាករបរទេស បន្ទាប់ពីទទួលបានទិដ្ឋាការ P-1 និងលិខិតផ្ទេរអន្តរជាតិ (International Transfer Certificate) រួចរាល់។
គ្រូបង្វឹក Chicago Fire លោក Gregg Berhalter បានសម្តែងក្តីរំភើបចំពោះការនាំយកខ្សែប្រយុទ្ធដ៏ល្បីរូបនេះមកកាន់ក្លិប។
លោកបាននិយាយថា៖ «តាំងពីថ្ងៃដំបូងដែលខ្ញុំ និងម្ចាស់ក្លិប Joe Mansueto ជួបគ្នា យើងមានគោលដៅកសាងក្លិបលំដាប់ពិភពលោក ដែលអាចបំផុសគំនិត បង្រួបបង្រួមទីក្រុង Chicago និងឈ្នះពានរង្វាន់។ Robert គឺជាកីឡាករដែលតំណាងឱ្យតម្លៃទាំងនោះ។»
លោកបន្ថែមថា ការមកដល់របស់ Lewandowski នឹងជួយលើកកម្ពស់ស្តង់ដារក្លិប និងបង្កើនឱកាសប្រជែងពានរង្វាន់។
Lewandowski វ័យ 37 ឆ្នាំ ត្រូវបានចាត់ទុកថាជាការផ្ទេរដ៏ធំមួយសម្រាប់ Chicago Fire ដោយរូបគេរកបានសរុប 567 គ្រាប់ ក្នុងការប្រកួតគ្រប់កម្មវិធីជាមួយ Borussia Dortmund, Bayern Munich និង Barcelona។
ក្នុងអាជីពរបស់ខ្លួន Lewandowski បានឈ្នះពានរង្វាន់សរុប 30 លើក ជាមួយក្លិបទាំងបី ខណៈនៅក្រុមជម្រើសជាតិប៉ូឡូញ គាត់ជាប្រធានក្រុម និងបង្ហាញខ្លួន 167 ប្រកួត រកបាន 89 គ្រាប់។
បច្ចុប្បន្ន Chicago Fire កំពុងឈរលេខ៣ ក្នុងតារាង Eastern Conference ដោយមាន 26 ពិន្ទុ ពីការប្រកួត 14 លើក និងតាមពីក្រោយក្រុមកំពូលតារាង Nashville ចំនួន 7 ពិន្ទុ៕










