អង់គ្លេសទទួលដំណឹងល្អ មុនប៉ះកុងហ្គោ ខណៈ “រូបសំណាករស់” នាំសំណាងរបស់កុងហ្គោ ត្រូវហាមចូលសហរដ្ឋអាមេរិក

ចែករំលែក៖

ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស ទទួលបានដំណឹងល្អមួយ មុនការប្រកួតវគ្គ 32 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីអ្នកគាំទ្រដ៏ល្បីរបស់ក្រុម សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) ដែលត្រូវបានគេចាត់ទុកថាជា «រូបសំណាករស់នាំសំណាង» មិនអាចធ្វើដំណើរចូលសហរដ្ឋអាមេរិកបាន។

លោក Michel Kuka Mboladinga វ័យ 49 ឆ្នាំ អះអាងថា គាត់អាចបញ្ជូនថាមពលផ្លូវចិត្ត និងភាពរឹងមាំទៅដល់កីឡាករជម្រើសជាតិកុងហ្គោ ហើយត្រូវបានអ្នកគាំទ្រជាច្រើនជឿថា ជានិមិត្តរូបនៃសំណាងរបស់ក្រុម។

ក្នុងអំឡុងការប្រកួត គាត់ឈរស្ងៀមមិនកម្រើកពេញ 90 នាទី ដោយលើកដៃម្ខាងឡើងលើ ក្នុងទម្រង់ស្រដៀងរូបសំណាកអតីតប្រធានាធិបតី Patrice Lumumba វីរបុរសជាតិរបស់កុងហ្គោ។

រូបភាពនៃការសម្ដែងបែបនេះ បានល្បីលើបណ្ដាញសង្គម ក្រោយមានវីដេអូអ្នកគាំទ្ររាំជុំវិញគាត់ អំឡុងការប្រកួតពានរង្វាន់ Africa Cup of Nations។
កីឡាករជម្រើសជាតិកុងហ្គោ ថែមទាំងបានស្នើសុំទៅកាន់ប្រធានាធិបតី Félix Tshisekedi ឱ្យអនុញ្ញាតលោក Mboladinga ធ្វើដំណើរទៅគាំទ្រក្រុមក្នុងការប្រកួតវគ្គចែកពូលនៅម៉ិកស៊ិក កាលពីថ្ងៃទី 23 ខែមិថុនា។

ទោះជាយ៉ាងណា រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump បានបដិសេធផ្តល់ទិដ្ឋាការឱ្យលោក ដោយលើកឡើងពីបញ្ហាទាក់ទងនឹងទិដ្ឋាការ និងក្តីបារម្ភផ្នែកសុខភាពសាធារណៈ។ ដូច្នេះ លោកនឹងមិនអាចចូលរួមគាំទ្រក្រុមកុងហ្គោក្នុងការប្រកួតដ៏សំខាន់ជាមួយអង់គ្លេសបានឡើយ។

លោក Mboladinga បានចំណាយពេលជាច្រើនឆ្នាំហ្វឹកហាត់សម្ដែងជា «រូបសំណាករស់» ដោយស្លៀកឈុតសម័យទសវត្សរ៍ឆ្នាំ 1960 ដើម្បីឱ្យមានភាពស្រដៀងនឹង Patrice Lumumba ហើយហ្វឹកហាត់រហូតដល់ 20 ថ្ងៃក្នុងមួយខែ ដើម្បីអាចឈរស្ងៀមបានពេញការប្រកួត។

...

Lumumba គឺជាវីរបុរសដ៏ល្បីរបស់កុងហ្គោ ដែលបានដឹកនាំប្រទេសឱ្យទទួលបានឯករាជ្យពីបែលហ្ស៊ិកក្នុងឆ្នាំ 1960 មុនពេលត្រូវចាប់ខ្លួន ធ្វើទារុណកម្ម និងសម្លាប់ក្នុងឆ្នាំ 1961។ ប្រវត្តិសាស្ត្របញ្ជាក់ថា សាកសពរបស់លោកត្រូវបានរំលាយដោយទឹកអាស៊ីត ដើម្បីលុបបំបាត់ភស្តុតាង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print