ប្រេតមានពីរបែបគឺទី១ប្រេតតាមការស្រមើស្រមៃ ឬតាមគម្ពីរបុរាណចែងក្នុងព្រះពុទ្ធសាសនាសម្រាប់អ្នកធ្វើបាបស្លាប់ទៅមិនទាន់ទៅចាប់ជាតិរស់នៅក្រោមការឃុំ គ្រងរបស់យមបាល និងទី២ គឺជាប្រេតនៅមានជីវិតរស់នៅលើភពផែនដីមិនទាន់ស្លាប់ ទៅចាប់ជាតិជាប្រេតដូចក្នុងគម្ពីរទេ ពោលគឺប្រេតនេះជាមនុស្សសព្វថ្ងៃដែលមិនខំសាង អំពើល្អ គិតតែសាងបាបតាមរយៈការឆក់លួចប្លន់ កាប់សម្លាប់គ្នាមិនញញើតដៃ មាន មហិច្ឆតាលោភលន់ ច្រណែនឈ្នានីសជាដើមនោះគេហៅថា« ប្រេតឆៅ» ។
ចាប់តាំងពីរដូវបុណ្យភ្ជុំបិណ្ឌចូលមកដល់នៅតាមវត្តនានាតែងតែប្រារព្ធពិធីបោះ បាយបិណ្ឌ និងពិធីកាន់បិណ្ឌតាមជំនឿព្រះពុទ្ធសាសនា ដោយពុទ្ធបរិស័ទម្នាក់ៗបានតាំងចិត្តជ្រះថ្លាក្នុងការធ្វើបុណ្យជូនបុព្វការីជនដែលចែកឋានទៅចាប់ជាតិខាងមុខ និងអ្នក មិនទាន់ចាប់ជាតិ(ប្រេត)ឲ្យមកទទួលកុសលដែលបានធ្វើនៅពេលនេះ។ ប៉ុន្តែការធ្វើបុណ្យរបស់ពុទ្ធបរិស័ទនាពេលនេះសូមកុំភ្លេចថា ក្រុមម្នាលប្រេតឆៅខ្លះនៅជិតយើងនិងកំពុងឈរសម្លឹងយើងបន់ឲ្យតែយើងជាប់រវល់ ភ្លេចត្រចៀកនឹងអាលកាច់សោ ឡាន សោម៉ូតូជិះយកទៅបាត់។ ទាំងនេះក៏នៅមិនទាន់គិតប្រេតឆៅកំប៉ិកកំប៉ុកផ្សេង ទៀតដែលឆ្លៀតខ្វេះកាបូប ហោប៉ៅ លួចស្បែកជើងតាមទីអារាមនៅឡើយទេ។ ក៏នៅមានប្រេតឆៅដទៃទៀតក៏ត្រូវតែប្រុងប្រយ័ត្នផងដែរគឺប្រេតឆៅខាងប្លន់ម៉ូតូ និងឆក់ កាបូបឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ ព្រោះប្រេតទាំងពីរនេះអាចឲ្យយើងគ្រោះថ្នាក់ ដល់ជីវិតខានធ្វើបុណ្យភ្ជុំបិណ្ឌ ។
នាយជាលគិតថា ក្រុមហ្វូងប្រេតឆៅកំពុងនៅក្បែរៗយើងពួកវាមិនទាន់ទៅចាប់ជាតិទេគឺនៅសាងបាបជាមួយយើងគ្រប់ពេល។ យកល្អត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាបើអាចជៀសបានកុំពាក់គ្រឿងអលង្ការមានតម្លៃ កុំជិះយានយន្តស៊េរីទំនើប និងចេះទុកដាក់យានជំនិះទាំងនោះឲ្យបានគត់មត់ត្រឹមត្រូវផង នោះហើយទើបឈ្នះក្រុមប្រេត សាងបាបគឺប្រេតឆៅនេះឯង ៕
ដោយ៖ នាយជាល