ម៉ារ៉ុកទម្លាក់ហូឡង់ដោយបាល់ប៉េណាល់ទី ឡើងវគ្គ 16 ក្រុមចុងក្រោយក្នុងការផ្តល់ជ័យជម្នះដ៏រំជួលចិត្ត

ចែករំលែក៖

ក្រុមជម្រើសជាតិម៉ារ៉ុកបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនក្នុងការប្រជែងពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ដោយវាយបកយកឈ្នះហូឡង់ក្នុងការស៊ុតបាល់ប៉េណាល់ទី ក្រោយស្មើគ្នា ១-១ ក្នុងរយៈពេល១២០នាទី នៅកីឡដ្ឋាន Monterrey ដើម្បីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។

ទោះបីជាខ្សែប្រយុទ្ធ Cody Gakpo រកបានគ្រាប់បាល់នាំមុខឱ្យហូឡង់នៅនាទីទី៧២ ដែលជាគ្រាប់បាល់ពោរពេញដោយអារម្មណ៍រំជើបរំជួល បន្ទាប់ពីរូបគេទើបប្រកាសពីការបាត់បង់កូនដែលមិនទាន់កើតកាលពីថ្ងៃសៅរ៍ក៏ដោយ ក៏ម៉ារ៉ុកមិនបោះបង់ឡើយ។

ម៉ារ៉ុកគ្រប់គ្រងការប្រកួតបានល្អនៅភាគច្រើន ប៉ុន្តែត្រូវបានអ្នកចាំទី Bart Verbruggen ជួយសង្គ្រោះជាច្រើនលើក និងរបារទីរារាំងឱកាសស៊ុតបញ្ចូលទី។

នៅនាទីបន្ថែមចុងក្រោយ ខ្សែការពារ Issa Diop បានតែតបាល់បញ្ចូលទីយ៉ាងអស្ចារ្យពីការបញ្ជូនរបស់ Chemsdine Talbi ធ្វើឱ្យការប្រកួតត្រូវបន្តទៅម៉ោងបន្ថែម និងបន្ទាប់មកឈានដល់ការស៊ុតបាល់កាត់សេចក្តី។

ក្នុងវគ្គប៉េណាល់ទី ហូឡង់ខកខានស៊ុតដល់ ៣ គ្រាប់ ខណៈ Ismail Saibari ស៊ុតគ្រាប់សម្រេចឱ្យម៉ារ៉ុកឈ្នះ ៣-២ និងកក់កៅអីទៅជួបកាណាដា នៅវគ្គ ១៦ ក្រុមចុងក្រោយ នាទីក្រុង Houston នាថ្ងៃសៅរ៍ខាងមុខ។

ការប្រកួតចាប់ផ្តើមដោយការប្រជែងយ៉ាងស្វិតស្វាញ។ ម៉ារ៉ុកមានឱកាសជាច្រើនតាមរយៈ Achraf Hakimi, Neil El Aynaoui និង Ismail Saibari ប៉ុន្តែអ្នកចាំទី Verbruggen បង្ហាញទម្រង់លេងដ៏ល្អ ដោយសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើនលើក។

នៅដើមតង់ទីពីរ Hakimi ក៏មានឱកាសស៊ុតប៉ះរបារទី ខណៈម៉ារ៉ុកបន្តដាក់សម្ពាធយ៉ាងខ្លាំងលើហូឡង់។

ទោះជាយ៉ាងណា ការប្តូរចូលរបស់ Wout Weghorst បានផ្លាស់ប្តូរចង្វាក់ការប្រកួត។ ត្រឹមតែ ៥១ វិនាទីបន្ទាប់ពីចូលលេង Weghorst បានបញ្ជូនបាល់ឱ្យ Crysencio Summerville បង្កើតឱកាស មុនពេល Gakpo បញ្ចប់ទីយ៉ាងល្អ នាំហូឡង់មុខ ១-០។

ប៉ុន្តែម៉ារ៉ុកមិនបោះបង់ឡើយ ហើយ Diop បានតែតបាល់តាមស្មើនៅនាទីបន្ថែម។

នៅម៉ោងបន្ថែម ភាគីទាំងពីរមានឱកាសរកគ្រាប់បាល់ ប៉ុន្តែអ្នកចាំទីទាំងសងខាងធ្វើបានយ៉ាងល្អ រហូតការប្រកួតត្រូវកាត់សេចក្តីដោយបាល់ប៉េណាល់ទី។

...

ចុងក្រោយ ម៉ារ៉ុកបានយកឈ្នះដោយភាពអស្ចារ្យ និងបន្តដំណើរទៅវគ្គ ១៦ ក្រុមចុងក្រោយ ខណៈហូឡង់ត្រូវបញ្ចប់យុទ្ធនាការរបស់ខ្លួនទាំងការខកចិត្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print