Taylor Swift និង Travis Kelce អាចរៀបការនៅសប្ដាហ៍នេះ សម្រាប់អ្នកគាំទ្រវិញចាត់ទុកជាពិធីមង្គលការដ៏ធំបំផុតប្រចាំសតវត្ស

ចែករំលែក៖

តារាចម្រៀងល្បីលំដាប់ពិភពលោក Taylor Swift និងគូដណ្តឹងរបស់នាង លោក Travis Kelce ដែលជាកីឡាករបាល់ឱបក្នុងលីគ National Football League (NFL) ត្រូវបានគេរំពឹងថា នឹងរៀបអាពាហ៍ពិពាហ៍ក្នុងសប្ដាហ៍នេះ បើទោះបីជាគូស្នេហ៍មួយគូនេះមិនទាន់ប្រកាសជាផ្លូវការក៏ដោយ។

សារព័ត៌មាន The New York Times បានរាយការណ៍ថា លិខិតអនុញ្ញាតពីអាជ្ញាធរ និងសញ្ញាជាច្រើន បង្ហាញថា ពិធីមង្គលការអាចនឹងធ្វើឡើងនៅទីក្រុង Manhattan នាចុងសប្ដាហ៍នេះ។ ទោះជាយ៉ាងណា សារព័ត៌មាន Reuters មិនអាចបញ្ជាក់អំពីកាលបរិច្ឆេទ ឬទីតាំងបាននៅឡើយទេ។

ទោះគ្មានការបញ្ជាក់ជាផ្លូវការ ក្តីរំភើបក្នុងចំណោមអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយកំពុងកើនឡើង ដោយពិធីនេះត្រូវបានចាត់ទុកថា ជាពិធីអាពាហ៍ពិពាហ៍របស់តារាល្បីដែលគេទន្ទឹងរង់ចាំបំផុតមួយក្នុងសតវត្សនេះ។

Taylor Swift និង Travis Kelce បានភ្ជាប់ពាក្យកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីរឿងរ៉ាវស្នេហារបស់ពួកគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ គេតែងឃើញ Taylor ទៅគាំទ្រ Kelce ក្នុងការប្រកួតរបស់ក្រុម Kansas City Chiefs ខណៈ Kelce ក៏ធ្វើដំណើរទៅចូលរួមការប្រគំតន្ត្រី Eras Tour របស់នាងនៅជុំវិញពិភពលោកផងដែរ។

នៅពេលចាប់ផ្តើមទាក់ទងគ្នា អ្នកទាំងពីរសុទ្ធតែស្ថិតនៅកំពូលអាជីពរបស់ខ្លួន។ Taylor Swift ឈ្នះពាន Grammy Awards ចំនួន ១៤ លើក និងបានបង្កើត Eras Tour ដែលជាការប្រគំតន្ត្រីរកចំណូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ចំណែក Kelce បានឈ្នះពាន Super Bowl ៣ លើក និងត្រូវបានចាត់ទុកថាជាខ្សែប្រយុទ្ធ Tight End ដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ NFL។

ក្រុមអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះ ដែលត្រូវបានគេស្គាល់ថាជា “Swifties” បានតាមដានការឡើងចុះនៃជីវិតរបស់នាងអស់រយៈពេលពីរទសវត្សរ៍មកហើយ។

កញ្ញា Olivia Levin អ្នកនិពន្ធសៀវភៅ “The Story of Us: How the Taylor Swift Fandom Changed Our Lives” បាននិយាយថា៖ «វាមានអារម្មណ៍ដូចជាពួកយើងបានធ្វើដំណើររួមផ្លូវជាមួយនាងអញ្ចឹង»។

កញ្ញា Levin បានបន្ថែមថា៖ «វាពិតជាអស្ចារ្យណាស់ដែលបានឃើញមនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងទំនាក់ទំនងស្នេហា និងនៅក្នុងឆាកជីវិត ហើយចុងក្រោយអាចទទួលបានការបញ្ចប់ដ៏មានក្តីសុខដូចក្នុងរឿងនិទាន» ដោយនាងបានសង្កត់ធ្ងន់ថា លោក Kelce គឺ «ទទួលបានការយល់ស្រប និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់ក្រុម Swifties»។

រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីទីតាំងរៀបការនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា គូស្នេហ៍អាចជ្រើសរើស Madison Square Garden ជាកន្លែងប្រារព្ធពិធី។

គេរំពឹងថា ពិធីនេះនឹងមានការចូលរួមពីតារាល្បីៗជាច្រើន រួមមាន Selena Gomez, Ed Sheeran, Emma Stone និង Gigi Hadid។

បើពិធីមង្គលការប្រារព្ធឡើងចុងសប្ដាហ៍នេះ វានឹងស្របពេលជាមួយព្រឹត្តិការណ៍ធំៗពីរនៅទីក្រុងញូវយ៉ក គឺការប្រារព្ធខួប ២៥០ ឆ្នាំ របស់សហរដ្ឋអាមេរិក និងការប្រកួត FIFA World Cup 2026 នៅរដ្ឋ New Jersey ក្បែរនោះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print