សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា យន្តហោះដ្រូនអ៊ុយក្រែនសរុបចំនួន ៤១៩គ្រឿង ត្រូវបានបាញ់ទម្លាក់នៅទូទាំងប្រទេស កាលពីអំឡុងពេលវេលាយប់កន្លងទៅនេះ។
យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៉ី មិនបានប្រាប់ថា តើមានមនុស្សស្លាប់ឬរបួសដែរឬក៏អត់ទេ។ អភិបាលទីក្រុងមូស្គូ លោក Sergey Sobyanin បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់យន្តហោះដ្រូនសត្រូវប្រហែល៥០គ្រឿង ដែលហោះសំដៅទៅកាន់រដ្ឋធានីរុស្ស៉ី។
ប៉ុន្មានខែមកនេះ ទីក្រុងកៀវបានបង្កើនយុទ្ធនាការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយប្រឆាំងរុស្ស៉ី ជាពិសេសប្រឆាំងទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីកំណត់គោលដៅចំពោះប្រភពដ៏សំខាន់មួយ នៃប្រាក់ចំណូលរបស់វិមានក្រឹមឡាំង សម្រាប់ទ្រទ្រង់កិច្ចប្រឹងប្រែងសង្រ្គាមរបស់ខ្លួន ដែលឥឡូវកំពុងស្ថិតក្នុងឆ្នាំទី៥ហើយ៕
កាលពីសប្តាហ៍មុន ចន្លោះថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ រុស្ស៉ីបានប្រកាសពីការបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន សរុបដល់ទៅ៦៦០គ្រឿង ដែលជាចំនួនដ៏ច្រើនបំផុតមួយ។ ក្នុងសប្តាហ៍ដដែលនោះ ការវាយប្រហារមួយរបស់អ៊ុយក្រែន ក៏បានបង្កជាអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងមួយកន្លែងរបស់រុស្ស៉ី ក្នុងទីក្រុងមូស្គូផងដែរ៕
រូបថត:Tass










